អឺរ៉ុប ប្ដេជ្ញាបន្តជួយអភិវឌ្ឍន៍ វិស័យទេសចរណ៍កម្ពុជា ក្រោយកូវីដ១៩ រលាយបាត់

0

ភ្នំពេញ៖ លោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានថ្លែងបញ្ជាក់ឲ្យដឹងថា សហភាពអឺរ៉ុប ប្ដេជ្ញាបន្តគាំទ្រ ការអភិវឌ្ឍវិស័យទេសចរណ៍ កម្ពុជា នៅពេលណាដែលវិបត្តិជំងឺកូវីដ១៩ រសាត់ផុតចេញ ពីពិភពលោក ពិសេសការអភិវឌ្ឍ អេកូទេសចរណ៍ និងធនធាន មនុស្សក្នុងវិស័យ ទេសចរណ៍ ដោយប្ដេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការ ឱ្យកាន់ខ្លាំង ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍កម្ពុជា។នេះបើយោងតាមក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សាការងារ រវាងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកស្រី ខាមិន ម៉រីណូ (Carmen Moreno) ក៏បានកោតសរសើរ ពីការខិតខំរបស់កម្ពុជា ដែលបានខិតខំអភិវឌ្ឍ វិស័យទេសចរណ៍ ប្រកបដោយចីរភាព និងមានទំនួលខុសត្រូវខ្ពស់។

លោកស្រីគូសបញ្ជាក់ថា «ដោយហេតុនេះហើយ ទើបសហភាពអឺរ៉ុប ចេញមុខបន្តគាំទ្រជួយ អភិវឌ្ឍន៍វិស័យនេះបន្តទៀត ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការទាំងឡាយ នឹងកាន់តែល្អប្រសើរឡើង ក្រោយវិបត្តិជំងឺកូវីដរសាត់បាត់ទៅ។»

លើសពីនេះលោកស្រីទូត ក៏បានប្ដេជ្ញាពាំនាំ ព័ត៌មានពាក់ព័ន្ធនឹងគោលដៅ ទេសចរណ៍នៅកម្ពុជា ក៏ដូចជាការត្រៀម ខ្លួនរបស់ពលរដ្ឋកម្ពុជា ក្នុងការទទួលភ្ញៀវទេសចរពីអឺរ៉ុប ពិសេសគឺកិត្តិនាមមនុស្សធម៌មិនចេះរីងស្ងួត ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូច ជាប្រជាជនកម្ពុជា បានជួយយកអាសាភ្ញៀវអន្តរជាតិ នៅលើនាវា Westerdam យកទៅផ្សព្វផ្សាយ ក្នុងទីផ្សារទេសចរណ៍ អឺរ៉ុប គ្រប់ច្រកល្ហកឱ្យល្បីសុះសាយ ។

នាឱកាសនោះ លោក ថោង ខុន បានលើកឡើង ពីបច្ចុប្បន្នភាពនៃវិស័យ ទេសចរណ៍កម្ពុជា ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប្រជាជនមួយចំនួន ដែលធ្លាប់បម្រើការ ក្នុងវិស័យសេវាកម្មបាត់បង់ ការងារធ្វើ។ នារយៈពេលចុងក្រោយនេះ កម្ពុជាក៏នៅទទួលបានភ្ញៀវទេសចរ ក្នុងស្រុកខ្លះដែរ ដោយក្នុងរយៈពេល ៣ សប្ដាហ៍នៃខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុក ប្រមាណជិត ៤ សែននាក់ បានចេញដើរ ទស្សនាទូទាំងប្រទេស។

ទាក់ទិននឹងបញ្ហានេះ កម្ពុជាបានដាក់ ចេញវិធានការមួយចំនួន ដោយគ្រោងប្រមូលអ្នកបាត់បង់ការងារពីវិស័យទេសចរណ៍ ឱ្យមកទទួលការបណ្ដុះ បណ្ដាលជំនាញ ទេសចរណ៍បន្ថែម ដើម្បីត្រៀមខ្លួនចូលមកបម្រើការងារ នៅពេលភ្ញៀវទេសចរត្រលប់មកវិញ។ ដូច្នេះហើយបានជា លោក ថោង ខុន ស្នើឱ្យសហភាពអឺរ៉ុប ជួយគាំទ្រដល់កិច្ចការដ៏ចាំបាច់នេះ ពិសេសគឺការបង្រៀន តាមប្រព័ន្ធឌីជីថល ឬហៅថា E-learning។

លោករដ្ឋមន្ត្រី ក៏បានស្នើដល់សហភាពអឺរ៉ុប ជួយគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្តិការ ពិសេសចែករំលែក បទពិសោធន៍ លើការរៀបចំវិធានការ ដោះស្រាយបញ្ហាជំងឺកូវីដ និងការស្ដារ វិស័យទេសចរណ៍ឡើងវិញ តាមបែបផែនថ្មី New Normal life ក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាស៊ានទាំងមូល។

ចំពោះការផ្សព្វផ្សាយអំពីគោលដៅ ទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍អឺរ៉ុប ដើម្បីជំរុញឱ្យមានចលនាទេសចរអន្តរជាតិ មកកម្ពុជាវិញ នៅក្រោយវិបត្តិជំងឺកូវីដនោះ ក៏ត្រូវបានលោក ថោង ខុន ស្នើទៅកាន់ លោកស្រីឯកអគ្គរដ្ឋទូត ផងដែរ ខណៈរមណីយដ្ឋាន ទេសចរណ៍ តំបន់អេកូទេសចរណ៍នានា ពិសេសតំបន់សៀមរាប-អង្គរ តំបន់អេកូទេសចរណ៍ ភូមិភាគឦសាន តំបន់ឆ្នេរសមុទ្រនាភាគនិរតី ក៏កំពុងរៀបចំកែលម្អសោភ័ណភាព ប្រព័ន្ធគមនាគមន៍ និងសេវាកម្មជាច្រើនផ្សេងទៀតផងដែរ ដើម្បីត្រៀមចំស្វាគមន៍ការត្រលប់មកវិញនៃភ្ញៀវទេសចរអន្តរជាតិ។

លើសពីនេះលោករដ្ឋមន្ត្រីក៏បានស្នើ សហភាពអឺរ៉ុប ដែលមានបទពិសោធន៍ខាងរៀបចំ រចនាសម្ពន្ធទីក្រុងស្អាត ទីក្រុងវៃឆ្លាត (Smart City) ឱ្យជួយគាំទ្រជ្រោមជ្រែង ដល់កម្ពុជាបន្តទៀត ខណៈប្រការនេះ ក៏ត្រូវបានចាត់ទុកថា ជាផលិតផលទេសចរណ៍ ដ៏សំខាន់មួយ ហើយក៏ស្របពេល ដែលកម្ពុជាកំពុងរៀបចំ ខ្លួនធ្វើជាម្ចាស់ផ្ទះ «វេទិកាទេសចរណ៍ អាស៊ាន ២០២១ និងកិច្ចប្រជុំរដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន

» និងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ «ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ២០២៣» ផងដែរ។

សំណើទាំងអម្បាលម៉ាណនេះ ត្រូវបានលោកស្រី ឯកអគ្គរដ្ឋទូត ខាមិន ម៉រីណូ ទទួលយកយ៉ាងពេញចិត្តបំផុត និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេស កិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ជាមួយក្រសួងទេសចរណ៍ ៕