ភ្នំពេញ៖ ដើម្បីជំរុញតម្រូវការ ប្រើប្រាស់ប្រាក់រៀល នៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសស ម្រាប់ប្រតិបត្តិការ ដែលមានទំហំតូច ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថាការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ គួរត្រូវជំនួស ដោយប្រាក់រៀលវិញ។

យោងតាមលទ្ធផល កិច្ចប្រជុំពិភាក្សាជាមួយ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទ ១$ ២$ និង ៥$ និងផលវិបាក របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ឧសភានេះ បានលើកឡើងថា នៅក្នុងស្ថានភាព ដែលពិភពលោក កំពុងប្រឈមនឹង វិបត្តិសុខភាពពិភពលោក ហើយ កំពុងឈានចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ការពង្រឹងឯករាជ្យភាព ក្នុងការដឹកនាំគោល នយោបាយរូបិយវត្ថុ នឹងរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច កាន់តែមានប្រសិទ្ធភាព។
ក្នុងទិសដៅនេះ ដោយគូរ កម្ពុជាត្រូវជំរុញ ការប្រើប្រាស់ប្រាក់រៀល ឱ្យបានទូលំទូលាយ ជាងមុនចាប់ផ្តើម ពីការចាយវាយលើ ប្រតិបត្តិការដែលមានទំហំតូចទៅ។ ដូច្នេះការទុកឱ្យចរាចរ ក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ គឺជាឧបសគ្គមួយ ក្នុងការជំរុញ ការប្រើប្រាស់ប្រាក់រៀល។ក្នុងរយៈពេល ៦ខែចុងក្រោយនេះប្រាក់រៀល ក៏ដូចជារូបិយប័ណ្ណ ក្នុងតំបន់បានធ្លាក់ថ្លៃ គួរឱ្យកត់សម្គាល់ ធៀបនឹងប្រាក់ដុល្លារអាមេរិក។ ចំពោះប្រទេសក្នុងតំបន់ តម្លៃរូបិយប័ណ្ណរបស់ គេធ្លាក់ថ្លៃ គឺជាចម្បងដោយសារការធ្លាក់ចុះ នៃការនាំចេញនិងលំហូរ ចេញនៃមូលធន។
ចំណែកឯកម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀល គឺដោយសារតម្រូវការ ប្រាក់រៀលធ្លាក់ចុះ(ដែលជាចម្បងបណ្តាល មកពីការថមថយសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក និងការធ្លាក់ចុះតម្រូវការ ប្រាក់រៀលសម្រាប់បង់ពន្ធ ។ល។)។
ការធ្លាក់ថ្លៃ ប្រាក់រៀលធៀបនឹងដុល្លារអាមេរិកនេះ មានឥទ្ធិពលអវិជ្ជមាន ទៅលើប្រជាកសិករ ដែលមានចំណូលជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញតម្រូវការប្រើប្រាស់ ប្រាក់រៀល នៅក្នុងចរន្តសេដ្ឋកិច្ច ជាពិសេសសម្រាប់ ប្រតិបត្តិការដែលមានទំហំតូច ការប្រើប្រាស់ក្រដាស ប្រាក់ដុល្លារអាមេរិក ប្រភេទតូចៗ គួរត្រូវជំនួសដោយប្រាក់រៀលវិញ ៕

