សេចក្តីព្រាងច្បាប់ បទល្មើសបច្ចេកវិទ្យា នឹងពិភាក្សាបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ

0

ភ្នំពេញ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យានេះ នឹងត្រូវពិភាក្សាបញ្ចប់ ក្នុងពេលឆាប់ៗខាងមុខ ព្រោះច្បាប់នេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការគ្រប់គ្រង ព្រមទាំងទ ប់ស្កាត់ នូវបទល្មើសបច្ចេក វិទ្យាផ្សេងៗដែលកើតមាន ក្នុងសង្គមជាតិទាំងមូលផងដែរ។

ក្នុងកិច្ចប្រជុំនាឱកាសនោះ លោក ប៊ុន ហុន ប្រធានអង្គប្រជុំ បានមានប្រសាសន៍ថា កិច្ចប្រជុំស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានពេលនេះ គឺបានធ្វើចាប់ផ្តើមដំណើការ ឡើងវិញបន្ទាប់ពីបានខកខាន រយៈពេលជាងពីរខែកន្លងមក គឺតាំងពីថ្ងៃទី៦ មីនា ឆ្នាំ២០២០ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩។

ជាងនេះទៀត ឯកឧត្តម ប៊ុន ហុន ក៏បានលើកឡើថា សេចក្តីព្រាងច្បាប់ស្តីពីបទល្មើស បច្ចេកវិទ្យាព័ត៌មាន ដែលបានកែសម្រួលមកដល់ពេលនេះ មានភាពល្អប្រសើរជាងមុនកាន់តែច្រើន ហើយក្នុងនោះ លោកសង្ឃឹមថាការ ពិភាក្សា ក្នុងការកែសម្រួលសេចក្តីព្រាងច្បាប់ស្តី ពី បទល្មើស បច្ចេក វិទ្យា ព័ត៌មាននេះដែរ នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដើម្បីស្វែងរកនូវធាតុចូលបន្ថែម សម្រាប់រៀបចំសេចក្ដីព្រាងច្បាប់ មួយនេះអោយសមស្របតាមការ វិវត្តនៃបរិបទសង្គម និងដើម្បីឱ្យកាន់តែមានភាពសុក្រិតល្អថែមទៀត។

យោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០  ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធាននាយកដ្ឋានព័ត៌មានវិទ្យា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំបន្តពិភាក្សា និងពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន ក្រោមអធិបតីភាព លោកប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន អនុប្រធានក្រុមប្រឹក្សានីតិកម្ម តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ មន្រ្តីជំនាញផ្នែកច្បាប់ និងអង្គភាពជំនាញពាក់ព័ន្ធ ជាច្រើនផងដែរ៕