ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ លើគម្រោងចំនួន ៥ផ្សេងគ្នា ដែលមានទុនសរុបជាង ២៥២លានដុល្លារ ជាមួយនឹងឱកាស ការងាររាប់ពានកន្លែង។
តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុនចំនួន៥ លើវិស័យឧស្សាហកម្មរោងចក្រសហ គ្រាសរោងចក្រផលិតសូឡា និងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី ដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់។
គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលក្នុងនោះមានឈ្មោះដូចខាងក្រោម៖
១.ក្រុមហ៊ុនPOLY TIMPEX (CAMBODIA) ENTERPRISE CO., LTD គម្រោងបង្កើតរោង ចក្រផលិតវត្ថុ អនុស្សាវរីយ៍គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារ អាម៉េរិក និងអាច បង្កើតការងារបានចំនួន ១០០កន្លែង ។
២.ក្រុមហ៊ុនSURE FANCY LEATHER GOODS MANUFACTURER CO., LTD គម្រោងបង្កើតរោងចក្រផលិត ស្បែកជើងដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន៤៣៣កន្លែង។
៣.ក្រុមហ៊ុនCAM M J AGRICULTURAL CO., LTD គម្រោង បង្កើតរោងចក្រកែច្នៃផ្លែឈើ គ្រប់ប្រភេទដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ប្រមាណ៥,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន១.២១៦កន្លែង។
៤.ក្រុមហ៊ុនHOUNEN SOLAR INC CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡាដែលមានទីតាំង វិនិយោគស្ថិត នៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ៩,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។
៥.ក្រុមហ៊ុនSPHP (CAMBODIA) CO., LTD គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិត នៅឃុំប្រម៉ោយស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន២៣១,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ចំនួន៨១កន្លែង៕