ភ្នំពេញ៖ លោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ បានឱ្យដឹងថា រាជរដ្ឋាភិបាលជប៉ុនគ្រោង នឹងផ្ដល់នូវហិរញ្ញប្បទាន ឥតសំណងចំនួន ២ ០០០ លានយ៉េន ត្រូវជាប្រមាណ១៨លាន ដុល្លាសហរដ្ឋអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្ដល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា។
ការឱ្យដឹងនេះធ្វើនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។