ភ្នំពេញ៖ ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្ភ យ៉ាងខ្លាំងជំពោះ ការរីករាលដាលនៃជំងឺកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ចំពោះការរាតត្បាតនៃជំងឺឆ្លងនេះ ។
តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺការថែរក្សាអនាម័យសុខភាព អាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅជាទីស្រឡាញ់ នៅក្នុងក្រុមគ្រួសារ កុំអោយឆ្លងមេរោគកូវីដ១៩ ឲ្យសោះ។ សូមកុំឲ្យមានវិប្បដិសារី កើតឡើងព្រោះតែការធ្វេសប្រហែស មើលស្រាលចំពោះស្ថានការណ៍បច្ចុប្ប្នន្ន ។
សម្ដេចតេជោបញ្ជាក់ថា «ទោះបីចំនួនអ្នកឆ្លង ក្នុងប្រទេសយើងមានតិចមែន តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ នឹងត្រៀមទប់ស្កាត់គ្រប់ពេល ជាពិសេសនៅក្នុងរលកទី២ នៃការងើបឡើងវិញនៃ ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ដ៏កាចសាហាវបំផុតនេះ» ។
សម្ដេចបន្ថែមថា មកទល់ថ្ងៃនេះ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ចំនួនអ្នកឆ្លងក្នុងប្រទេសទាំង ២១៧ បានកើនឡើងដល់ ៥.៤៩១.៦៧៨នាក់ ហើយស្លាប់ជាង ៣០ម៉ឺននាក់ ក្នុងនោះកម្ពុជាក៏មានអ្នកឆ្លងថ្មី ២ នាក់ផងដែរ ។ សម្ដេចថា មកទល់ពេលនេះ ក៏មិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ។
ដើម្បីជាដាសតឿនសម្ដេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែពាក់ម៉ាស់ ហើយត្រូវដុសលាងសម្អាតដៃជាប្រចាំ ដោយទឹកអាល់កុល ឬចឹលសម្លាប់មេរោគ។ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយដៃនៅពេលក្អក ឬកណ្តាស ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាដូចជាទីផ្សារ ភោជនីយដ្ឋាន និងទីកន្លែងធ្វើការជាដើម។
ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏ត្រូវបន្តស្តាប់តាម ការណែនាំរបស់ក្រសួង សុខាភិបាលគ្រប់ពេលវេលា ហើយបើមានចម្ងល់ ឬការសង្ស័យណាមួយ ត្រូវទូរស័ព្វទៅលេខ ១១៥ជាបន្ទាន់។ ជាពិសេសយើងទាំងអស់គ្នា ត្រូវបន្តចូលរួមទប់ស្កាត់ការរឆ្លង រាតត្បាតនៃជំងឺឆ្លងកូវីដ១៩ នៅទូទាំងប្រទេស ៕