អ្នកប្រើប្រាស់ iPhone ខ្លះប្រហែលជាវិលមុខ ដោយសាររឿងនេះ

0

ភ្នំពេញ៖ មានអ្នកប្រើប្រាស់ iPhone មួយចំនួនបានរអ៊ូរទាំនៅក្នុងបណ្ដាញសង្គម Twitter ដោយសារពុំអាចបើកកម្មវិធី មួយចំនួនបាន ហើយទទួលបានសារបែបនេះ “This app is no longer shared with you” ទៅវិញ។

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានពន្យល់ថាបញ្ហានេះ បានចាប់ផ្ដើម កាលពីចុងសប្ដាហ៍កន្លងទៅ ហើយភាគច្រើនប៉ះពាល់ជាមួយអ្នកប្រើប្រាស់ iOS 13.4.1 និង iOS 13.5។ កម្មវិធីមួយចំនួន ដែលមិនអាចបើក បាននោះមានដូចជា YouTube, Twitter, WhatsApp, Facebook, TikTok និង LastPass ជាដើម។

ក្រុមហ៊ុន Apple ក៏បានធ្វើការកែសម្រួល បញ្ហានេះដែរ ដោយតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីទាំងនោះ។ ហេតុដូចនេះហើយ បានជាលោកអ្នកខ្លះបានឃើញកម្មវិធីជាច្រើន ដែលត្រូវធ្វើបច្ចុប្បន្នភាពនៅក្នុង App Store កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។ មុនពេលដែលមាន ការកែសម្រួលបញ្ហានេះ អ្នកប្រើប្រាស់ អាចគ្រាន់តែលុបកម្មវិធី ចាស់ចោល ហើយដំឡើងវាឡើងវិញក៏បាន ប៉ុន្តែអ្វីជាបញ្ហានោះ គឺលោកអ្នកអាចបាត់បង់ ទិន្នន័យចាស់ នៅក្នុងកម្មវិធីមួយចំនួន នៅពេលដែលលោកអ្នក បានលុបកម្មវិធីនោះចោល។

សូមបញ្ជាក់ផងដែរថា ការដែលមានបញ្ហាទៅលើ កម្មវិធីទាំងអស់នេះ មិនមែនបណ្តាលមកពី អ្នកបង្កើតកម្មវិធីទេ គឺវាដោយសារកំហុសបច្ចេកទេសនៅក្នុង App Store ប៉ុណ្ណោះ។ ដើម្បីចៀសវាងពី បញ្ហាទាំងអស់នេះ អ្នកប្រើប្រាស់គួរធ្វើបច្ចុប្បន្នភាព ទៅលើកម្មវិធីរបស់ខ្លួន ប្រសិនបើកម្មវិធីទាំងនោះ មាននៅក្នុងផ្នែកធ្វើ បច្ចុប្បន្នភាពរបស់ App Store ៕