https://www.facebook.com/obnsocial/videos/2538159996436220/
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានជំរុញសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ តាមបណ្តាខេត្តមួយចំនួន ដែលជាប់ព្រំដែន ត្រូវធ្វើយ៉ាងណាខិតខំទប់ស្កាត់ឱ្យ បាននូវការលួចធ្វើដំណើរ ឆ្លងកាត់ព្រំដែន ។
ក្នុងឱកាសអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ របាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ សម្ដេច ស ខេង បានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ បើទោះបីជាយើង បានបិទច្រកចេញ-ចូលផ្លូវការរួចហើយក៏ដោយ ក៏មានពលរដ្ឋមួយចំនួននៅតែចេញ-ចូលនៅតាមច្រករបៀង ដូចនេះសមត្ថកិច្ច នៅតាមបណ្តាខេត្ត ត្រូវយកចិត្តទុកដាក់បន្ថែម។
សម្តេចបន្តថា “ប្រទេសថៃនាពេលនេះ កំពុងតែដាក់ប្រទេស នៅក្នុងភាពអាសន្ន នៅឡើយ ហេតុនេះហើយ ការលួចឆ្លងដែន គឺខុសច្បាប់ទាំងស្រុង ទាំងអ្នកទៅ ក៏ខុស អ្នកនាំក៏ខុសច្បាប់ដូចគ្នា”។
សម្តេចក្រឡាហោមបញ្ជាក់ថា «សមត្ថកិច្ចទាំងអស់ ទាំងរដ្ឋបាលដែនដី កម្លាំងកងយុទ្ធពលខេមរភូមិន្ទ កម្លាំងនគរបាលជាតិ និងសមត្ថកិច្ចដទៃទៀត ដែលមានការពាក់ព័ន្ធត្រូវរួមគ្នា ទប់ស្កាត់ដើម្បីកុំឱ្យ មានការលួចឆ្លងកាត់ខុសច្បាប់ ទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ។»
ជាមួយគ្នានោះផងដែរ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស (គ.ជ.ប.ជ) បានថ្លែងថា មានប្រជាពលរដ្ឋ និងពលករខ្មែរ ចូលទៅប្រទេសថៃ តាមមេខ្យល់គឺជារលកថ្មី នៃការជួញដូរមនុស្ស ស្របពេលថៃបានបន្ដរឹតបន្ដឹងនៅ ក្នុងប្រទេស ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩។
លោកស្រីបន្ដថា បញ្ហាទាំងនេះធ្វើឲ្យពលករជាច្រើនខាត់បង់ថវិកា តាមរយៈឲ្យថវិកាទៅ មេខ្យល់រាប់ពាន់បាតផងដែរ ជាពិសេស ក៏ខាត់ពេលវេលាដែលធ្វើដំណើរ គេចវេសពីសមត្ថកិច្ច មិនបានទៅដល់គោលដៅ ព្រោះសមត្ថកិច្ចថៃឃាត់ខ្លួន និងចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ ហើយពេលមកកម្ពុជាវិញ ត្រូវដាក់ដោយឡែករយៈពេល ១៤ថ្ងៃផងដែរ។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា «នេះជារលកថ្មីនៃអំពើជួញដូរមនុស្សឆ្លងដែន ដែលនាងខ្ញុំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមអំពាវនាវទៅដល់ ក្រុមការងារទាំងអស់ ជាពិសេសថ្នាក់ក្រោមជាតិ បង្កើនការយកចិត្តទុក ដាក់និងអនុវត្តជាមួយរាជរដ្ឋាភិបាល» ។
គួរបញ្ជាក់ដែរថា ក្នុងរយៈពេលពី ២ខែចុងក្រោយនេះ ចំនួនពលករវិលត្រឡប់មកកម្ពុជាវិញ មានរហូតទៅដល់ជាង ៩ម៉ឺននាក់។ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានខេត្តក្រុង ស្រុកជាប់ព្រំដែន មន្ទីរសុខាភិបាល នៃបណ្តាខេត្តពាក់ព័ន្ធ និងបានការគាំទ្រមធ្យោបាយដឹកជញ្ជូន ពីក្រសួងការពារជាតិផងនោះ បានអនុវត្តភារកិច្ចទទួលពលករ ផ្តល់ការឧបត្ថម្ភពិនិត្យសុខភាពវាស់កំដៅ និងអនុវត្តចត្តាឡីស័កបានយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារការឆ្លង និងចម្លងជម្ងឺកូវីដ១៩ ទៅសហគមន៍របស់ខ្លួន ៕