កម្មកររោងចក្រ ឃែនធើរេន នៅផ្លូវវេងស្រេង បន្តធ្វើកូដកម្ម

0

ភ្នំពេញ៖ កម្មករ-កម្មការិនី រោងចក្រកាតដេរ ឃែនធើរេន នៅផ្លូវវេងស្រេង បន្តការធ្វើកូដកម្ម ដោយសារភាគីក្រុមហ៊ុនមិនឯកភាព ធ្វើកិច្ចព្រមព្រៀងជាមួយ តំណាងសហជីពកម្មករ និងមន្រ្តីសម្របសម្រួល របស់ក្រសួងការងារ ។

លោក ប៉ា ស៊ីណា ប្រធានសហភាព ចលនាកម្មកម្ពុជា បានរៀបរាប់លើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ឧសភានេះថា «កម្មករ-កម្មការិនីនៅរោងចក្រកាតដេរ ឃែនធើរេន នៅតែបន្តការធ្វើកូដកម្ម ដោយសារតែភាគីក្រុមហ៊ុន បានសន្យាថា ប្រាក់ឈ្នួលដែលនៅសល់ ក្រុមហ៊ុននឹងបើកជូនបងប្អូនជា ២វគ្គ បើកជូនទី១ នៅថ្ងៃទី២៨ នេះ និងលើកទី២ បើកជូននៅថ្ងៃទី៥ ខែមិថុនា ខាងមុខ តែក្រុមហ៊ុនមិនឯកភាព ធ្វើកិច្ចព្រមព្រៀងជាមួយ តំណាងសហជីព កម្មករ និងមន្រ្តីសម្របសម្រួល របស់ក្រសួងការងារនោះទេ ដែលជាហេតុធ្វើឲ្យកម្មករ លែងមានទំនុកចិត្តចំពោះក្រុមហ៊ុននេះ ទើបកម្មករនៅតែបន្តការធ្វើកូដកម្ម» ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ឧសភា កម្មករ-កម្មការិនីប្រមាណជាង ៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធឺរេន ដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវវេងស្រេង បាននាំគ្នាតវ៉ា មិនព្រមធ្វើការ ដោយសារតែក្រុមហ៊ុន បើកប្រាក់ឈ្នួលឲ្យមិនគ្រប់ និងតែងតែមានភាពយឺតយ៉ាវ។

សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបាន តែ ១២ ដុល្លារប៉ុណ្ណោះ ចំណែកបងប្អូនកម្មករដែលធ្វើការរយៈពេល ១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ ៣០ ដុល្លារប៉ុណ្ណោះ ដែលតួលេខនេះមិនគ្រប់ទៅតាមប្រាក់ឈ្នួល ដែលពួកគាត់ត្រូវទទួលបាននោះទេ។

នាប៉ុន្មានខែចុងក្រោយនេះ ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួល ជូនបងប្អូនកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ា មិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការ បើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។

សូមជម្រាបថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេន មានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករសរុបចំនួន ៩៩៥ នាក់ ៕