អភិបាលខេត្តព្រះសីហនុ ប្រកាសមិនអនុញ្ញាតឲ្យមាន ការរៀបចំដាក់តុ ឬកន្ទេលលើឆ្នេរខ្សាច់ យកលុយនោះទេ

0

ភ្នំពេញ៖ ដើម្បីកែលម្អឆ្នេរសមុទ្រកម្ពុជា ឲ្យមានសោភណ្ឌភាព កាន់តែស្រស់ត្រកាល លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា មិនអនុញ្ញាតឲ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់ យកលុយនោះទេ ដោយទុកឆ្នេរសមុទ្រ ទាំងអស់នេះជាឆ្នេរ លំហសាធារណ: សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោក គួច ចំរើន ក៏បានធ្វើការណែនាំដល់ក្រុមហ៊ុន អូរត្រេះ មេនេចមេន ឲ្យបន្តសិក្សាឆ្នេរសមុទ្រ ចាប់ពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រហូតដល់ចុង ឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្រ របស់យើងជាលំហរសាធារណៈ បំរើឱ្យសាធារណជន កាលណាយើងបាត់បង់ឆ្នេរ នោះយើងនឹងបាត់បង់ភ្ញៀវទេសចរ ។ ការសិក្សារៀបចំឆ្នេរសមុទ្រ តាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឲ្យ បានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំ ឲ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញ ភ្ញៀវទេសចរបន្ថែមទៀត ។

លោកអភិបាលខេត្ត គូសបញ្ជាក់ថា «ឆ្នេរសមុទ្ររបស់យើង មិនអនុញ្ញាតឲ្យមាន ការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់ យកលុយនោះទេ ដោយទុកឆ្នេរសមុទ្រ របស់យើងជាឆ្នេរលំហសាធារណៈ សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវ ចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ»។

ជាមួយគ្នានោះផងដែរ លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ប្រវែង ១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើន សោភណ្ឌភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណៈ ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយ ចីរភាពឱ្យមានវិសាលភាព មានដូចជា៖

១.ក្រាលការ៉ូឡាកន្លែង ចតរថយន្ត
២.រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ
៣.ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង
៤.តំឡើងបង់អង្គុយលេង
៥.សាងសង់បន្ទប់ទឹកថ្មី
៦.រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់
៧.រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ
៨.រៀបចំសួនកុមារ
៩.ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។

សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានសម្រេចឲ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការឈូសឆាយដើមអាកាស្យា និងកែលម្អសោភណ្ឌភាពឆ្នេរខ្សាច់ នៅតំបន់ពយជំទាវម៉ៅ ដោយរក្សាទុកជាលំហរ បង្ហាញសោភ័ណភាព ធម្មជាតិស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនា សំរាកលំហែរកំសាន្តដោយសេរី ។ ទីតាំងឆ្នេរដែលបានរៀបចំថ្មី នេះនឹងត្រូវដាក់ឈ្មោះថា “ឆ្នេរជំទាវម៉ៅ” ។ ឆ្នេរនេះមានទីតាំងស្របនឹងវិថី “ពយជំទាវម៉ៅ” ដែលទើបតែ ស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ៕