រដ្ឋមន្រ្តីកសិកម្ម ប្រាប់សមត្ថកិច្ច នៅតាមច្រកព្រំដែន កម្ពុជា-ថៃ រួមគ្នាទប់ស្កាត់ការនាំចូល សាច់សត្វខូចគុណភាព

0

ភ្នំពេញ៖ ដើម្បីសុខមាលភាពប្រជាជន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធដែលឈជើងនៅតាមច្រកព្រំប្រទល់ដែនកម្ពុជា-ថៃ សូមមេត្តារួមគ្នាជួយទប់ស្កាត់ការនាំចូលសាច់សត្វខូចគុណភាពឲ្យខានតែបាន។

លោក វេង សាខុន បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៥ ឧសភានេះថា”ដើម្បីសុខមាលភាពប្រជាជនយើង គ្រប់សមត្ថកិច្ចពាក់ព័ន្ធដែលឈជើងនៅតាមច្រកព្រំប្រទល់ដែនកម្ពុជា-ថៃ សូមមេត្តារួមគ្នាជួយទប់ស្កាត់ការនាំចូលសាច់សត្វខូចគុណភាពឲ្យខានតែបាន“។

ជាក់ស្តែង នៅថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២០ ក្រុមអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានឃាត់ចាប់រថយន្តចំនួន០២គ្រឿង រថយន្តទី១ ម៉ាក់ SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២AL-២៣៥៥ និងរថយន្តទី២ បានឃាត់ចាប់រថយន្តចំនួន០២គ្រឿង ម៉ាក់ HIGHLANDER ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ២A-២៧២៨ បានដឹកគ្រឿងក្នុងជ្រូក ចំនួន១៦កេស ស្មើនឹង៩៦០គីឡូក្រាម លើកំណាត់ផ្លូវជាតិ ត្រង់ចំណុចមុខកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានគ្រឿងក្នុងជ្រូកសរុបចំនួន១៦កេស ស្មើនឹង៩៦០គីឡូក្រាម ដោយសារផលិតផលសត្វទាំងនោះមានក្លិនស្អុយ ដូចនេះមន្រ្តីជំនាញបានធ្វើការដុតកំទេចចោលតាមវិធានការណ៍បសុព្យាពេទ្យ ចំណែកឯងរថយន្តចំនួន០២ គ្រឿង ទៅរក្សាទុកនៅរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនីតិវិធីច្បាប់៕