អូយថ្លៃណាស់! គ្រាន់តែលួចបេះទុរេន មួយផ្លែសោះ ប្ដឹងឲ្យសង ១ពាន់ដុល្លារអាមេរិក

0

ភ្នំពេញ៖ ក្មេងប្រុសសិស្សសាលា វ័យជំទង់បីនាក់ ត្រូវម្ចាស់ចម្ការទុរេន ដេញចាប់ យកមកប្រគល់ឲ្យកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល កំពង់ត្រាចខាងលិច ក្រោយលួចបេះផ្លែទុរេន១ផ្លែ ទម្ងន់ប្រមាណ ២គីឡូក្រាម ខណៈម្ចាស់ចម្ការ បានប្ដឹងទារសំណង រហូតដល់ ១ពាន់ដុល្លាឯណោះ។

ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការ ទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំវល្លិ៍ ជាប់ព្រំប្រទល់រវាងខេត្តកែប និងខេត្តកំពត។

ភ្លាមៗក្រោយបានដឹងរឿងរ៉ាវ ខាងលើនេះ មហាជនជាច្រើនលើកឡើងថា ករណីចោរកម្ម គឺជាបទល្មើសមួយ ដែលត្រូវចាត់ការតាមផ្លូវច្បាប់ ដោយមិនអាចលើកលែង។ ប៉ុន្តែករណីចោរកម្ម តូចតាច ត្រឹមតែលួចបេះផ្លែ ទុរេន១ផ្លែ ទម្ងន់មិនបាន២គីឡូក្រាមផង បែរជាម្ចាស់ចម្ការទារ សំណងរហូតដល់ទៅ ១ពាន់ដុល្លារអាមេរិក គិតទៅទុរេនមួយផ្លែ ដូចជាថ្លៃពេកហើយ។ មហាជនសំណូមពរឲ្យ សមត្ថកិច្ចគ្រាន់តែ ធ្វើការអប់រំនិងធ្វើកិច្ចសន្យា ឲ្យបញ្ចប់ទង្វើបែបនេះទៀត គឺគ្រប់គ្រាន់ហើយ ព្រោះពួកគេនៅវ័យក្មេងណាស់។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសទាំងបីនាក់ នោះរួមមាន ៖

ទី១-ឈ្មោះ ល ត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ,

២-ឈ្មោះ ស ឯ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស

និងទី៣-ឈ្មោះ ស ច ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្ស  អ្នកទាំងបីមានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បាននាំគ្នាទៅស៊ីឈ្នួលបេះម្រេចឲ្យគេនៅភូមិសាស្ត្រកើតហេតុ។ លុះបន្តិចក្រោយមក ក្មេងប្រុសទាំងបីនាក់ បានជិះម៉ូតូបំណងទៅចាក់សាំង ហើយក៏ឃើញផ្លែទុរេនក្នុងចម្ការគេក្បែរនោះ ក៏ចូលទៅលួចបេះ១ផ្លែ បំណងហែកចែកគ្នាហូប ស្រាប់តែម្ចាស់គេឃើញ ក៏ស្រែកឆោឡោតែម្ដង។

សមត្ថកិច្ចបានបន្តថា ពេលដឹងថាម្ចាស់គេឃើញ ក្មេងទាំងបីនាក់ ក៏ជិះម៉ូតូឌុបគ្នាគេចខ្លួន តែត្រូវអ្នកយាមចម្ការទុរេន ដេញតាមរហូតមកដល់ផ្ទះ របស់ក្មេងទាំងបី នាក់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយចាប់ប្រគល់ជូន សមត្ថកិច្ចឲ្យជួយចាត់ការ ខណៈម្ចាស់ចម្ការទុរេន ទារសំណងផ្លែទុរេន មួយផ្លែ គឺ ១ពាន់ដុល្លារ ស្មើនឹង ៤,០០០,០០០រៀល ឯណោះ។

បច្ចុប្បន្ន ក្មេងប្រុសជំទង់បីនាក់ ដែលពាក់ព័ន្ធនឹងករណី លួចផ្លែទុរេន១ផ្លែ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ៕