ក្រសួងអប់រំ នឹងពិចារណាបើក សាលារៀនឡើងវិញ នៅថ្ងៃ១ វិច្ឆិកា បើសិន​មិនមានការ រីករាលដាលជំងឺកូវីដ១៩

0

ភ្នំពេញ៖ ប្រសិនបើគ្មានអ្វីប្រែប្រួល និងមិនមានការរីករាលដាលជំងឺកូវីដ១៩នោះ ក្រសួងអប់រំនឹងពិចារណា បើកសាលារៀនឡើងវិញ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ខណៈថ្នាក់ទី៩ និងទី១២ អាចនឹងបើកឲ្យចូលរៀនមុនគេ ដើម្បីត្រៀមប្រឡង ។ នេះបើតាមការបញ្ជាក់ពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសចុះពិនិត្យ មើលសកម្មភាពសិក្សាពីចម្ងាយ និងតាមអេឡិចត្រូនិក របស់​សិស្សានុសិស្ស នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ឧសភាលោក ហង់ជួន ណារ៉ុន បានជម្រាបជូនដល់ មន្ទីរ អប់រំ ខេត្ត-ក្រុង និងគ្រឹះស្ថានសិក្សា​ទាំងអស់ ឲ្យត្រៀមលក្ខណៈបើកសាលារៀនឡើងវិញ ប៉ុន្ដែមិនទាន់សម្រេចថា បើកឡើង​វិញនៅពេលណានោះទេ ។ លោកក៏បានស្នើឱ្យអ្នកគ្រូ លោកគ្រូបន្តជួយបង្រៀនសិស្ស តាមលទ្ធ​ភាព នៅពេលសិស្សមានចម្ងល់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «ប៉ុន្ដែចំណុច ដែល​​​អាចថា ជាពេលមួយដែលយើងថា នឹងអាចបើកឡើងវិញហ្នឹងនៅថ្ងៃទី១ ខែវិច្ឆិកា ប្រហែលជាយើងនឹងពិចារណា ដើម្បីបើកឡើងវិញ។ ប្រសិនបើ មិនមានការរីករាលដាល នៃជំងឺនេះទេ»។

លោករដ្ឋមន្ត្រីក៏បានណែនាំ ឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវបន្ដបង្រៀនសិស្សានុសិស្ស មិន​លើសពី១០នាក់ ជាពិសេសលោកគ្រូ-អ្នកគ្រូ ត្រូវបន្ដជួយបង្រៀនសិស្សានុសិស្ស ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីឱ្យពួកគាត់ត្រៀមប្រឡង ហើយក្រសួងនឹងវាយតម្លៃ តើរៀនប៉ុន្មានខែទៀត ទើបសិស្សប្រឡងបាន។ លោករដ្ឋមន្ដ្រីបន្ដថា គ្រប់សាលារៀនទាំងអស់ មិន​អាចបង្រៀនដូចមុនឡើយ ក្នុង១ថ្នាក់ ត្រូវចែកចេញជា២ថ្នាក់ ហើយក៏បែងចែក កាលវិភាគ​ឡើង​វិញ​ផងដែរ ជាពិសេសឱ្យសិស្សនុសិស្ស ត្រូវរក្សាគម្លាតពីគ្នា និងលាងដៃជាប្រចាំ។

លោកបន្ថែមថា នៅពេលបើកសាលរៀនឡើងវិញ មាតា-បិតា និងអាជ្ញាធរ ត្រូវចូលរួមផ្ដល់ព័ត៌មានមកសាលា អំពីពលករត្រឡប់មកស្រុកកំណើតវិញ ដោយឱ្យគាត់ នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។ ជាមួយគ្នានេះ មាតា-បិតា ត្រូវតាម​ដានជាប្រចាំ​ ចំពោះ​សិស្សនុសិស្សណាម្នាក់ ពាក់ព័ន្ធជាមួយពលករ កុំឱ្យគាត់ទៅចម្លង​សិស្ស​ដទៃ ចម្លង​មកលោកគ្រូ-អ្នកគ្រូ និងចម្លងទៅសហគមន៍ ៕