ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានណែនាំ ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម ខេត្តកណ្ដាល ត្រូវអនុវត្តឲ្យខ្ជាប់ខ្ជួននូវចំណុចសំខាន់ៗចំនួន ៤ ។
ចំណុចសំខាន់ៗទាំង ៤ ដែលមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ត្រូវអនុវត្តតាមមានដូចខាងក្រោម៖
ទី១-ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ ក្នុងការពង្រីកចំណេះដឹង ខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវ បទពិសោធន៍ ពីមន្រ្តីរាជការនៅក្រសួងពាណិជ្ជកម្ម។
ទី២-ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់ តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវកម្មវិធីកែទម្រង់ ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញ គោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។
ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃ សេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពីកម្រង សេវាសាធារណ: រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៤-ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺនេះ ដល់ប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ ឱ្យធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើង ឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ ទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីសម្ធិទផលនានា ដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននិងកំពុងដុតដៃដុតជើងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ ក្រសួងបាននិងកំពុងរៀបចំ លិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម ក្នុងនោះច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ក្រៅពីនេះលិខិតបទដ្ឋានគតិយុត្ត ផ្សេងទៀត ក៏កំពុងតែរៀបចំតាក់តែងផងដែរ រួមមាន៖ ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ក្រសួងក៏កំពុងពិនិត្យលើ ការធ្វើវិសោធនកម្មច្បាប់ មួយចំនួនទៀត ដើម្បីធ្វើទំនើបកម្មឲ្យឆ្លើយតប ទៅនឹងបរិបទបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាវិស័យគន្លឹះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយសារប្រទេសយើងមានសក្តានុពលខ្ពស់សម្រាប់ពង្រីកផលិតកម្មក្នុងស្រុក និងសម្រាប់ធ្វើពិពិធកម្ម ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានកំពុងធ្វើការងារយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នឱ្យបានទាន់ពេលវេលា។
ជាក់ស្តែងក្រសួងកំពុងតែអនុវត្ត យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលជាគោលនយោបាយ ពាណិជ្ជកម្មជំនាន់ទីបួន និងបានប្រកាសដាក់ឲ្យប្រើប្រាស់ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងវេទិកាត្រួតពិនិត្យឡើងវិញ ជាសកលនៃជំនួយ សម្រាប់ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ កាលពីខែកក្កដា ឆ្នាំ២០១៩។ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត ៕