សូមប្រុងប្រយ័ត្ន! បារីអេឡិចត្រូនិច ត្រូវឧស្សាហកម្មថ្នាំជក់ ប្រើល្បិចកលបំភ័នថា ជាម៉ាស៊ីនផ្ដាច់បារី

0

ភ្នំពេញ៖ បារីអេឡិចត្រូនិចត្រូវបាន ឧស្សាហកម្មថ្នាំជក់ ប្រើល្បិចកលបំភ័នថា ជាម៉ាស៊ីនផ្ដាច់បារី មានសុវត្ថិភាពជាង ឬមាន អនាម័យជាងបារីធម្មតា ។ នេះបើតាមការឲ្យដឹងពីអង្គការចលនា ដើម្បីសុខភាពកម្ពុជា ។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានឲ្យដឹងថា ការបំភ័នបែបនេះ បានអូសទាញអ្នកដែលមានបំណង ចង់ផ្ដាច់បារី ប្រមាណ ៦០% នៃអ្នកជក់បារីប្រមាណ ១,១ពាន់លាននាក់ នៅទូទាំងពិភពលោក ឲ្យចាប់ផ្ដើម ងាកមកប្រើប្រាស់បារីអេឡិចត្រូនិច។ ការងាកមកប្រើប្រាស់ បារីអេឡិចត្រូនិច នាំឲ្យពួកគាត់ប្រើប្រាស់ ផលិតផលថ្នាំជក់ច្រើនមុខបញ្ចូលគ្នា ឈានទៅរកការប៉ះពាល់ សុខភាព រឹតតែធ្ងន់ធ្ងរ។

អង្គការចលនា ដើម្បីសុខភាពកម្ពុជា បញ្ជាក់ថា «អាថ៌កំបាំងនៅពីក្រោយ បារីអេឡិចត្រូនិច ហើយបារីអេឡិចត្រូនិចត្រូវ បានឧស្សាហកម្មថ្នាំ ជក់ ប្រើល្បិចកលបំភ័នថា ជាម៉ាស៊ីនផ្ដាច់បារី មានសុវត្ថិភាពជាង ឬមានអនាម័យជាងបារី ធម្មតា។ លើសពីនេះ បារីអេឡិចត្រូនិច ត្រូវបានឧស្សាហកម្មថ្នាំជក់ ផលិតរសជាតិច្រើន ជម្រើសសម្រាប់ទាក់ទាញយុវជនវ័យក្មេង ឲ្យប្រើប្រាស់»។

អង្គការចលនា ដើម្បីសុខភាពកម្ពុជា បន្ថែមថា អ្នកដែលជក់បារីអេឡិចត្រូនិច នឹងក្លាយជាអ្នកញៀនបារីធម្មតា ២ដង ច្រើនជាង អ្នកដែលមិនប្រើប្រាស់។ រហូតមកទល់ពេលនេះ មិនទាន់មានភ័ស្តុតាងណាមួយត្រូវ បានគេបង្ហាញថា បារីអេឡិចត្រូនិច ជាឧបករណ៍ម៉ាស៊ីន ផ្ដាច់បារីនៅឡើយទេ។ ផ្ទុយទៅវិញ ការប្រើប្រាស់បារីអេឡិចត្រូនិច ប៉ះពាល់សុខភាពដូចបារីធម្មតាដែរ។

អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានអះអាងថា ទោះបីជាអាជ្ញាធរមានសមត្ថកិច្ច បានចាត់វិធានការបន្តបន្ទាប់ក៏ដោយ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិច នៅតាមបណ្ដាញ សង្គម Facebook និង YouTube នៅតែមានជាហូរហែ ដែលកត្តាទាំងនេះ គឺជាក្ដីបារម្ភមួយ អាចឈានទៅរកវិបត្តិសង្គមក្នុងរយៈពេលដ៏ខ្លីខាងមុខ ដូចបញ្ហាគ្រឿងញៀនដែរ ៕