ភ្នំពេញ៖ ស្របពេលដែល ពិភពលោកកំពុង មានការព្រួយបារម្ភខ្លាំងបំផុត ពីការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺនេះ ខណៈដែលពិភពលោក មិនទាន់រកឃើញថ្នាំ ព្យាបាលបាននៅឡើយ ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា សុខសប្បាយទេបងប្អូនជនរួមជាតិ ?យើងបន្តចូលរួមទប់ស្កាត់ ការឆ្លងរីករាលដាល ជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស។
សម្ដេចបញ្ជាក់ថា «មកទលល់ថ្ងៃនេះ នៅលើពិភពលោកចំនួន អ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ ៥លានករណីហើយ ដែលគួរអោយបារម្ភខ្លាំងបំផុត។ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំ ព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហើម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជានិងពិភពលោក យើងកំពុងតែរួមគ្នា ប្រយុទ្ធប្រឆាំងនឹង ជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។»
សម្ដេចបន្តថា សូមបងប្អូនប្រជាពលរដ្ឋបន្តការ ប្រុងប្រយ័ត្នគ្រប់វិនាទី កុំអោយឆ្លងរោគពីគេមកយើង នឹងពីយើងទៅគេ ។ បើចាំបាច់ ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។
ជាមួយនឹង ការយកចិត្តទុកដាក់ខ្ពស់ លើអនាម័យសុខភាព រស់នៅអោយបានល្អជាប្រចាំ សម្ដេចក៏បានប្រាប់ឲ្យប្រជាពលរដ្ឋ គោពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពអាយុ ជីវិតយើងទាំងអស់គ្នាផងដែរ។
សូមរំលឹកថា គិតមកដល់ពេលនេះពិភពលោកមានអ្នកឆ្លងជំងឺ COVID-19 កើនដល់ជាង ៥លាននាក់ ស្លាប់ជិត ៣៣ម៉ឺននាក់ និងជាសះស្បើយជាង ២លាននាក់ ៕