ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗ នៃបណ្ដាប្រទេសជាច្រើន ផ្ញើសាររំលែកទុក្ខ ជូនសម្ដេចតេជោ ដែលបាត់បង់ម្ដាយក្មេក

0

ភ្នំពេញ៖ គិតមកដល់ពេលនេះ មានប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកំពូល នៃបណ្ដាប្រទេសជាច្រើន បានផ្ញើសាររំលែកទុក្ខ ជូនក្រុមគ្រួសារសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានបាត់បង់ម្ដាយក្មេក ជាទីស្រឡាញ់កាលពីពេលថ្មីៗនេះ ។

ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗ នៃបណ្ដាប្រទេសទាំងនោះរួមមាន៖ ព្រះចៅស៊ុលតង់ប្រ៊ុយណេ, ប្រធានាធិបតីកូរ៉េខាងត្បូង, ប្រធានាធិបតីវៀតណាម, នាយករដ្ឋមន្ត្រីថៃ, នាយករដ្ឋមន្ត្រីឡាវ, នាយករដ្ឋមន្ត្រីសិង្ហបុរី,…។

ជាកិច្ចឆ្លើយតប សម្ដេចុតេជោ ហ៊ុន សែន ក៏បានថ្លែងអអំណរគុណ ដល់បណ្ដាប្រមុខរដ្ឋ និងថ្នាក់ដឹកនាំប្រទេសទាំងនោះដែលបាន ផ្ញើសាររំលែកទុក្ខ ដល់ក្រុមគ្រួសារសម្ដេច ក្នុងឱកាសមាតាក្មេកជាទីស្រឡាញ់ បានទទួលមរណភាព កាលពីថ្ងៃទី៤ ឧសភាកន្លងទៅ ។

សម្ដេចតេជោបញ្ជាក់ថា កាយវិការបង្ហាញនូវ សមានចិត្តអាណិតអាសូរ របស់ប្រមុខរដ្ឋ និងថ្នាក់ដឹកនាំកំពូលៗនេះ បានជួយសម្រាលទុក្ខដល់សម្ដេច ព្រមទាំងភរិយា និងក្រុមគ្រួសារ ក្នុងដែលយើងទាំងអស់គ្នា កំពុងតែសោកសង្រេង ឥតឧប្បមាដោយសារ ការបាត់បង់ដ៏ធំធេងនេះ ។

សូមរំលឹកថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងជាម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលមរណភាព កាលពីវេលាម៉ោង ២៖១២នាទី ទៀបភ្លឺ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ។

បន្ទាប់ពីបានតម្កល់ធ្វើ ពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ អស់រយៈពេលពេល ២យប់៣ថ្ងៃ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើត ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕