ភ្នំពេញ ៖ ឆ្នាំនេះកូនអណ្ដើកហ្លួងចំនួន ២៣ក្បាល បានញាស់ចេញពីសំបុកនៅលើ ឆ្នេរខ្សាច់ចំនួន ពីរ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងខេត្តកោះកុង ដែលចំនួននេះច្រើនជាងចំនួន កូនអណ្ដើកហ្លួងសរុប ដែលញាស់ បានក្នុងរយៈពេល បីឆ្នាំកន្លងមក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការសមាគមអភិរក្សសត្វព្រៃ ដែលហៅកាត់ថា WCS ឲ្យដឹងថា កូនអណ្ដើកហ្លួងទាំង ២៣ក្បាលនេះ បានញាស់ចេញពីសំបុកចំនួន៣ ដែលក្រុមការពារ សំបុក សហគមន៍បានរកឃើញ និងបានការពារនៅលើឆ្នេរខ្សាច់ ០២ទីតាំង ស្ថិតនៅតាម ប្រព័ន្ធព្រែកស្រែអំបិល។ សំបុកមួយក្នុងចំណោម សំបុកទាំងបី ត្រូវបានរកឃើញ នៅលើឆ្នេរ ខ្សាច់មួយដែល អណ្ដើកហ្លួងធ្លាប់ពង រៀងរាល់ឆ្នាំ ចំណែកឯពីរសំបុកទៀត ត្រូវបាន រកឃើញ នៅលើឆ្នេរខ្សាច់ថ្នីមួយ តាមដងព្រែកកំពង់សោម ដែលអណ្ដើកហ្លួងមិន ដែលមកពង កូន តាំងពីឆ្នាំ២០០៧ មកម្ល៉េះ។ សំបុកអណ្តើកហ្លួងទាំង៣សំបុកនេះ មានពងសរុប ៥១ ក៏ប៉ុន្តែមានតែ ២៣ពង ប៉ុណ្ណោះបានញាស់ ចំណែកឯពង ដែលនៅសេសសល់ ខូចដោយ មិនដឹងមូលហេតុ។
អង្គការ WCS ចាត់ទុកថា ជោគជ័យនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹង ប្រែងលើការងារ អភិរក្ស របស់សហគមន៍មូលដ្ឋាន និងគម្រោង ហើយជាលទ្ធផល នៃការផ្សព្វផ្សាយសារាចរ របស់ក្រសួងរ៉ែ និងថាមពល ដែលសម្រេច បញ្ឈប់រាល់សកម្មភាព បូមខ្សាច់ នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងប្រកាស របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីការដាក់ប្រព័ន្ធ ព្រែកស្រែអំបិល ជាតំបន់គ្រប់គ្រង និងអភិរក្សអណ្តើកហ្លួង និងក្រពើត្រី។
អណ្តើកហ្លួង ឬមានឈ្មោះថាវិទ្យាសាស្ត្រថា Batagur affinis ត្រូវបានអង្គការ IUCN ចាត់ចំណាត់ថ្នាក់ជាប្រភេទ កំពុងទទួលរងគ្រោះ ជិតផុតពូជបំផុត និងជាប្រភេទមួយ ក្នុងចំណោមប្រភេទអណ្តើក (លើកលែង អណ្តើកសមុទ្រ) ទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេ នៅលើពិភពលោក និង ត្រូវបានកំណត់ដោយ ព្រះរាជក្រឹត្យ ជាឧរង្គសត្វតំណាង ឲ្យប្រទេសកម្ពុជា និង ជាប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ នៅក្នុងប្រទេសកម្ពុជា។
កំណើននៃកូនអណ្ដើកហ្លួងនេះ បង្ហាញថាកិច្ចខិតខំប្រឹងប្រែង របស់យើង កំពុងតែចាប់ផ្ដើមចេញ ផ្លែផ្កាហើយ។ យើងទន្ទឹងរង់ចាំបន្ត ភាពជាដៃគូនេះជាមួយភាគី ពាក់ព័ន្ធផ្សេងៗទៀត ដើម្បីគាំទ្រ ដល់ការងារអភិរក្ស អណ្ដើកហ្លួង ដែលកំពុង ទទួលរងគ្រោះថ្នាក់ជិត ផុតពូជបំផុតទាំងនេះ ៕