ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានបន្តកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងអាកាសយាន គ្មានមនុស្សបើក(ដ្រូន) ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញ ចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានពាក់ព័ន្ធនានា ព្រមទាំងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោក ប៊ុន ហុន បានឱ្យដឹងថាសេចក្តី ព្រាងអនុក្រឹត ស្តីពីការគ្រប់គ្រង អាកាសយានគ្មានមនុស្សបើក (ដ្រូន)នេះ ធ្លាប់បានយកមកពិភាក្សាម្តងរួចមកហើយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយអនុក្រឹត្យនេះ ក៏បានស្នើសុំឱ្យមន្ត្រីជំនាញ យកទៅសិក្សាបន្ត។ ដូច្នេះនៅថ្ងៃនេះយើងលើកយក សេចក្តីព្រាងអនុក្រឹត្យនេះ មកពិភាក្សាបន្តទៀតព្រោះថា សេចក្តីព្រាងអនុក្រឹត្យនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសព្វថ្ងៃនេះ មិនទាន់មាន ការគ្រប់គ្រងច្បាស់លាស់ នៅឡើយទេ។
លោកបន្តថា “អាកាសយានគ្មានមនុស្សបើក (ដ្រូន) ប្រសិនបើក្នុងវិស័យកសិកម្ម ឬក្នុងវិស័យពាណិជ្ជកម្ម មិនមានការបារម្ភនោះទេ ប៉ុន្តែបើយកទៅប្រើប្រាស់ប៉ះពាល់ទៅដល់សន្តិសុខជាតិ នេះជាការបារម្ភយ៉ាងធ្ងន់ធ្ងរ”។
លោកបន្ថែមថា បន្ទាប់ពីកិច្ចប្រជុំ ព្រាងអនុក្រឹត្យនេះរួច យើងក៏នឹងអាចប្រជុំ ជាមួយអន្តរក្រសួង ដែលពាក់ព័ន្ធដូចជាក្រសួងការពារជាតិ លេខាធិការដ្ឋាន អាកាសចរស៊ីវិល ដើម្បីពិភាក្សា ធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះកាន់តែល្អ និងអាចយក ទៅអនុវត្តបាន។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម នៃក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ស្តីអំពី ដំណើរការតាក់តែង សេចក្តីព្រាងអនុក្រឹត្យ ការគ្រប់គ្រង អាកាសយានគ្មានមនុស្សបើក (ដ្រូន)ថា កាលពីពេលប្រជុំលើកទី១ អង្គប្រជុំបានសម្រេច កែសម្រួលនៅលើនិយមន័យ បន្ថែមមួយចំនួន រីឯចំណុចមួយទៀតទាក់ទងទៅនឹងសមត្ថកិច្ច ដោយអង្គប្រជុំ បានកែសម្រួល បញ្ចូលបន្ថែមនូវការ បណ្តុះបណ្តាល ការហ្វឹកហាត់ នៃការប្រើអាកាសយានគ្មានមនុស្សបើក (ដ្រូន)ហើយក៏បានសម្រេចបន្ថែម ដាក់លក្ខខណ្ឌមួយចំនួនឱ្យអ្នកផលិត ឬអ្នកកែច្នៃឱ្យគាត់ត្រូវចុះបញ្ជី ការបច្ចេកទេស ឬមានប្លង់រួមពីបច្ចេកទេសដើម្បីដាក់ជូនសមត្ថកិច្ចផងដែរ។
អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រង អាកាសយានគ្មានអ្នកបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានា សុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុក្រឹត្យនេះ ផងដែរ គឺក្នុងគោលបំណងកំណត់ អំពីការចុះបញ្ជីការ ការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ ការប្រើប្រាស់ សេចក្តីព្រាង អនុក្រឹត្យស្តីពី ការគ្រប់គ្រង អាកាសយានគ្មាន មនុស្សបើក (ដ្រូន)។ជាពិសេសអនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅក្នុង ព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការប្រើប្រាស់ដែលបម្រើ ឱ្យវិស័យការពារជាតិ និងសន្តិសុខ ដែលមានការអនុញ្ញាត ពីរាជរដ្ឋាភិបាល៕