ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ជាពិសេសបណ្តាខេត្ត នៅជួរភ្នំដងរែក និងតំបន់ទំនាបកណ្តាល ចាប់ពីថ្ងៃទី២០-២៦ ខែឧសភា ខណៈដែលខ្យល់មូសុងនិរតី គ្របដណ្តប់ និងបក់មកលើកម្ពុជា ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនៅថ្ងៃទី១៩ឧសភា ស្តីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២០)បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ ដែលបណ្តាលមកពីជ្រលងសម្ពាធទាប ដណ្តប់ និងបក់លើកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតីគ្របដណ្ដប់ធ្វើឲ្យចាប់ពីថ្ងៃទី ២០-២៦ ខែឧសភាបានធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣៧-៣៩°c ។ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីតិចទៅបង្គួរ ក្នុងនោះ ផ្នែកខ្លះនៃវាលទំនាបខាងក្រោមនឹងអាចមានភ្លៀងធ្លាក់ច្រើន ។
ចំណែក បណ្ដាខេត្តនៅតំបន់ផ្នូរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៨°C ។ នឹងអាចមានភ្លៀងពីតិចទៅមធ្យម ។
ដោយឡែកបណ្ដាខេត្តនៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមា មានពី ២៦-២៨°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។ នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
ក្រសួងបានលើកឡើងទៀតថា អាស្រ័យស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សាធារណជនជ្រាបជាព័ត៌មាន និងសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេស បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតំបន់វាលទំនាបកណ្តាល ចាប់ ថ្ងៃទី ២១-២៦ ខែឧសភា៕