ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានអំពាវនាវទៅកាន់ភាគីវៀតណាម ឲ្យគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍និយ័តអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការចុះផ្សាយព័ត៌មាន ពាក់ព័ន្ធ កូវីដ១៩ ខណៈការចុះផ្សាយនេះ មិនពិតសោះឡើយ។
ប្រតិកម្មរបស់ ក្រសួងសុខាភិបាល បានធ្វើឡើង បន្ទាប់ពីកាសែត ក្នុងស្រុកវៀតណាម មួយចំនួនបានចុះផ្សាយកាលពីថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ ២០២០ថា ប្រទេសវៀតណាម បានរកឃើញ អ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៤ ករណី ថែមទៀត ដែលក្នុងនោះ មាន ជនជាតិវៀតណាមម្នាក់ដែល ទើបមកពីខេត្តសៀមរាបនៃ ប្រទេសកម្ពុជាផងដែរ ។
យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថាករណីនេះក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង ដោយក្រសួងនិងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវ ដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះ ជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតវៀតណាម នៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថា ជនជាតិវៀតណាមរូបនេះ រស់នៅខេត្តសៀមរាប មានផ្ទុកជំងឺកូវីដ១៩ នោះ ក៏មិនមែន ជាការពិតនោះទេ។
លោករដ្ឋមន្រ្តីគូសបញ្ជាក់ថា « ក្រសួងសូមអំពាវនាវ ដល់ភាគីមិត្តវៀតណាម សូមគោរពតាមបទដ្ឋានបច្ចេកទេស និងគោលការណ៍ និយ័តកម្មអន្តរជាតិ លើករណីជំងឺឆ្លង មុននឹងធ្វើការសន្និដ្ឋានឬចុះផ្សាយ ដែលជាការប៉ះពាល់ធ្ងន់ធ្ងរ ដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា ជាពិសេសនៅក្នុងដំណាក់កាលប្រយុទ្ធនឹង ជំងឺឆ្លងកូវីដ១៩នេះដើម្បីជាផលប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ»។
លោក ម៉ម ប៊ុនហេង បន្តថា ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរ សហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវបន្តទៀត ហើយប្រសិនបើមានព័ត៌មានឬក៏ការវិវឌ្ឍន៍ថ្មីណាមួយ ដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ១៩នេះ ក្រសូួងនឹងជម្រាបជូនសាធារណជនឲ្យបានជ្រាបជាមិនខានឡើយ។
សូមបញ្ជាក់ថាកម្ពុជា បានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២២នាក់ តែត្រូវបានព្យាបាលជាសះស្បើយ ទាំងស្រុងកាលពីពេលថ្មីនេះ៕