ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទទួលអំណោយធុងសំរាមចំនួន ៦០០ធុង ម៉ាស់ចំនួន ១០,០០០ និងកែវទឹកចំនួន ១០០ ពីលោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម៉្លូ អ៉ីមផត អិចផត និងលោកស្រី ។
យោងតាម រដ្ឋបាលខេត្តព្រះសីហនុ ឲ្យដឹងថាលោក គួច ចំរើន បានថ្លែងអំណរគុណ ចំពោះលោកប្រធាន ក្រុមហ៊ុន អ៊ាម្លូ ដែលបាននាំយកអំណោយមានដូចជា ធុងសំរាម ម៉ាស់កែវទឹកឧបត្ថម្ភ ដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ ប្រើប្រាស់ ទុកដាក់សំរាម នៅតាមទីធ្លាសាធារណ: ឱ្យមានសណ្តាប់ធ្នាប់ អនាម័យ និងវិធានការបង្ការ ការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ នៅខេត្តព្រះសីហនុ ព្រមទាំងបានធ្វើការសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ត្រូវវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ យកមកដាក់ក្នុងធុងសំរាម ពិសេសទៀត ត្រូវចូលរួមថែរក្សាធុងសំរាម ទាំងនេះ ទុកជាសម្បត្តិ រួមរបស់យើងទាំងអស់គ្នា ។
លោក ឡូ ឬទ្ធី អគ្គនាយកក្រុមហ៊ុន អ៊ាម្លូ បានមានប្រសាសន៍ថា ដោយមើលឃើញខេត្តព្រះសីហនុកំពុងមមាញឹក ក្នុងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវថ្នល់ លូបង្ហូរទឹក ដោយមានការដឹកនាំ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដឹកនាំ របស់លោកអភិបាលខេត្ត ហើយនេះជាការចូលរួមចំណែក ក្នុងការគ្រប់គ្រងសំរាម នៅមានការពង្រាយនៅតាមទីសាធារណ: ទើបលោកបានបរិច្ចាគជាធុងសំរាមចំនួន ៦០០ ម៉ាស់ កែវទឹក ចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ។ និងសូមអំពាវនាវ ដល់សប្បុរសជនទាំងឡាយ ចូលរួមទាំងអស់គ្នាដើម្បីអភិវឌ្ឍន៍ថែរក្សាបរិស្ថាន ក្រុងព្រះសីហនុមានភាពស្រស់ស្អាត និងទាក់ទាញជាងមុនបន្ថែមទៀត ៕