ក្រសួងសុខាភិបាល មិនទាន់បាន ទទួលព័ត៌មាន ផ្លូវការចំពោះការចុះផ្សាយ ថារកឃើញ ជនជាតិវៀតណាម ឆ្លងកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី១៧ឧសភានេះបានចេញ បញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមិនទទួលបានព័ត៌មាន ផ្លូវការណាមួយ ពីភាគីវៀតណាម ចំពោះករណីដែលបានលេីកឡេីង នៅក្នុងសារព័ត៌មានវៀតណាម ដែលបានចុះផ្សាយថារកឃើញ ជនជាតិវៀតណាមម្នាក់ មានផ្ទុកជំងឺកូវីដ១៩ ក្រោយចាកចេញពីកម្ពុជា។

មន្រ្តីនាំពាក្យ ក្រសួងសុខាភិបាលរូបនេះបញ្ជាក់ថា “ខ្ញុំសុំអនុញ្ញាតគោរពជម្រាប ជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថាមកទល់ពេលនេះ យើងមិនទទួលបានព័ត៌មាន ផ្លូវការណាមួយពីភាគីវៀតណាម ចំពោះករណីដែលបានលេីកឡេីង នៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ។ ម្យ៉ាងទៀត ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវ ដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាន នូវព័ត៌មានជាក់លាក់ណាមួយ ស្ដីអំពីករណីដូចការចុះផ្សាយនោះដែរ។ “

តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡេីងគ្រប់ទីកន្លែងគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា ទាំងអស់ ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វេីដំណេីរចល័ត តែម្តង។ គ្រប់ព័ត៌មាន ដែលទទួលបាន យេីងតែងតែធ្វេីការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះខ្ញុំសូមជម្រាបជូនថាយើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យេីងនេះ”។

លោកស្រីបន្ថែមថា” អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះគឺកើតចេញ ពីព្រះរាជាណាចក្រកម្ពុជា យើងដែរដោយសារបុគ្គលនោះ បានទៅដល់ ប្រទេសវៀតណាម បេីគិតទៅហួសពី១៤ថ្ងៃ ទៅហេីយមកទល់ពេល ដែលចុះផ្សាយថា រកឃេីញវិជ្ជមាននោះ ។ ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការ ល្អ មានតម្លាភាព ជានិច្ច និងបន្តការយកចិត្តទុកដាក់ ស្រាវជ្រាវជាបន្តទៀត ហើយប្រសិនបើយើងមានព័ត៌មាន ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ នេះ ក្រសួងសុខាភិបាល នឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡេីយ “។

សូមបញ្ជាក់ជូនសារជាថ្មីថា មកទល់ថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា មិនទាន់រកឃេីញមានករណីចម្លងវីរុសកូវីដ-១៩ ថ្មីនោះទេ ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ហេីយចូលរួមបន្តការពារខ្លួន កុំមានការឆ្លងវីរុសនេះ ប្រសិនបេីមានព័ត៌មាន ឫមានបញ្ហាសុខភាព សូមទាក់ទងទៅលេខ១១៥ ឫទៅស្វែងរកការពិនិត្យ ព្យាបាលពីក្រុមគ្រូពេទ្យ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ ដែលនៅជិតលោកអ្នក៕