ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានសម្ដែងការអបអរសាទរចំពោះមិត្តកម្ពុជា ដែលប្រឹងប្រែងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយទទួលបានសមិទ្ធផល ប្រកបដោយមោទកភាពជាខ្លាំង រហូតធ្វើឲ្យអត្រានៃ ការព្យាបាលជាសះស្បើយចំនួន ១០០% និងចំនួន ៣៥ថ្ងៃ ជាប់ៗគ្នាគ្មានករណីឆ្លងនោះទេ។
តាមរយៈគេហទំព័រ ហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី១៧ ឧសភានេះ ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា
សូមអបអរសាទរ! ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជំ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងស្ថិតក្រោមការដឹកនាំ ដ៏ពិតប្រាកដរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កិច្ចទប់ស្កាត់នឹងជំងឺវីរុសរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានសមិទ្ធផល ប្រកបដោយមោទនភាពជាខ្លាំង”។
ស្ថានទូតចិនបញ្ជាក់បន្ថែមថា “រហូតដល់ថ្ងៃទី១៦ ខែឧសភា អ្នកផ្ទុកជំងឺវីរុស COVID-19 បានធ្លាក់ដល់ “កម្រិតសូន្យ” អត្រានៃការព្យាបាលជាសះស្បើយចំនួន ១០០% ចំនួន៣៥ថ្ងៃជាប់ៗគ្នាគ្មានករណីឆ្លងនោះទេ”។
មិត្តដែកថែបចិន សូមជូនពរប្រជាជនកម្ពុជា ដែលមានមនោសញ្ចេតនាមិត្តភាព ដ៏សែនជ្រាលជ្រៅមាន ជីវភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕