លោក រុំ សុវិជ្ជា នាយការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ដែលផឹកស្រាស្រវឹង ជេរប្រមាថអភិបាលខេត្ត ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន

0

ភ្នំពេញ៖ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ដែលផឹកស្រាស្រវឹង ជោគជាំបើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ និងស្រែកជេរប្រមាថ អភិបាលខេត្តកំពង់ធំ លោក សុខ លូ នោះពេលនេះត្រួវបាន នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ឧសភាបានចេញសេចក្ដីសម្រេចផ្អាក ការងារជាបណ្ដោះអាសន្នហើយ។

សូមរំលឹកថា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជាដែលទើបរងការព្រមាន ពីសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនបានប៉ុន្មានខែផង ស្រាប់តែផឹកស្រាស្រវឹងជោគជាំ រួចបើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាត ហើយអ្វី ដែលធ្វើឱ្យកានតែភ្ញាក់ផ្អើលទៀតនោះ គឺនាយការិយាល័យចរាចរណ៍ ផ្លូវគោករូបនេះ បានស្រែកជេរប្រមាថ និងចោទប្រកាន់យ៉ាងធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ លោក សុខ លូ ថា នៅទីតាំកើតហេតុ មិន មានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើង ដោយនាយការិយាល័យចរាចរណ៍ ផ្លូវគោកខេត្តកំពង់ធំ បណ្តាលមកពីជាតិស្រវឹងខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀតសោតក៏មានតួទាទី ជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង ។

សូមរំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ហើយសម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍ តាមវិន័យរបស់កងកម្លាំង នគរបាលជាតិ ជាក់ជាពុំខាន៕