រដ្ឋមន្រ្តីមហាផ្ទៃ អំពាវនាវឲ្យកម្លាំងនគរបាល រួមគ្នាទប់ស្កាត់ និងបញ្ចៀសឲ្យបាននូវ អំពើភេរវកម្ម

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បានលើកឡើងថាស្ថានការណ៍ សម្រាប់ឆ្នាំ២០២០ កម្ពុជាអាចប្រឈមនឹងហានិភ័យ ពោរពេញដោយភាពស្មុគស្មាញជាច្រើន ដែលទាមទារជាចាំបាច់ ឲ្យកងកម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលក្នុងការពង្រឹងសន្ដិសុខជាតិ ត្រូវបន្ដការយកចិទុកដាក់ ចាត់វិធានការឲ្យបាន ហ្មត់ចត់ និងតឹងរ៉ឹងបំផុត ក្នុងការថែរក្សាសន្ដិភាព ការពារខឿនសន្ដិសុខជាតិទប់ស្កាត់និង បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ។

តាមរយៈសារលិខិតជូនពរ កងកម្លាំងនគរបាលជាតិ ក្នុងទិវារំលឹកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ បញ្ជាក់ថា “ស្ថានការណ៍សម្រាប់ឆ្នាំ២០២០ កម្ពុជាអាចប្រឈមទៅ នឹងហានិភ័យពោរពេញ ដោយភាពស្មុគស្មាញជាច្រើន ដែលទទូលរងឥទ្ធិពលពី វិបត្តិជាសកលផង និងឥទ្ធិពលនៅផ្ទៃក្នុងប្រទេសផង ដែលទាមទារជាចាំបាច់ឲ្យ កងកម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលក្នុងការពង្រឹងសន្ដិសុខជាតិ ត្រូវបន្ដការយកចិទុកដាក់ ចាត់វិធានការឲ្យបាន ហ្មត់ចត់ និងតឹងរ៉ឹងបំផុត ក្នុងការថែរក្សាសន្ដិភាព ការពារខឿនសន្ដិសុខជាតិទប់ស្កាត់និង បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្រប ច្បាប់ទប់ស្កាត់ឲ្យបានដាច់ខាត នូវចលនាបដិវត្តន៍ពណ៌ មិនឲ្យកើតមានជាថ្មីលើទឹកដីកម្ពុជា ឡើយ។

ចំណែក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិក៏បានលើកឡើងថា ក្នុងស្ថានភាពដែលពិភព លោកកំពុងតែប្រឈមទៅនឹង សម្ពាធអវិជ្ជមានជាច្រើន ពិសេស ព្រឹត្តិការណ៍ពាក់ព័ន្ធដល់វិស័យសន្ដិសុខ ស្របពេលដែលមានការផ្ទុះឡើង នូវវិបត្តិសុខភាពសាធារណៈជាសកល ដែលបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩ នោះ ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីឥទ្ធិ ពលប្រកបដោយហានិភ័យ ទាំងនោះបានឡើយ។

បន្ថែមពីនេះ អគ្គស្នងការនគរបាលជាតិ សំណូមពរ កងកម្លាំងនគរបាលជាតិគ្រប់ផែនជំនាញ គ្រប់ថ្នាក់ នៅទូទាំងប្រទេស បន្ដនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ រួម ដំណើរជាមួយគ្នា ដើម្បីបន្ដរក្សាបាននូវសុខសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជដ្ឋាភិបាលស្របច្បាប់ និងប្ដេជ្ញាមិនឲ្យមានរចនាសម្ព័ន្ធ និងសកម្មភាពបដិវត្តន៍ពណ៌ កើតមានសារជាថ្មី លើទឹកដីកម្ពុ ជា៕