ភ្នំពេញ៖ ក្នុងពេលរង់ចាំសម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ពិភាក្សាឆ្លងលើរបៀបវារៈមួយចំនួននោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា មានរដ្ឋមន្រ្តីចំនួន២រូប ក្នុងចំណោមរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល មិនទាន់ពាក់ម៉ាស់ តែបានគោរពគម្លាតសង្គម ក្នុងបរិបទកូវីដ១៩នេះ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរលើហ្វេសប៊ុកថា”រដ្ឋមន្ត្រី ២ មិនទាន់ពាក់ម៉ាស់នឹងគេ តែបានគោរពគម្លាតសង្គម – អរគុណអ្នកប្រមាញ់រូប ។ វិមានសន្តិភាព ថ្ងៃសុក្រ ទី ១៥ ឧសភា ២០២០”។
នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សានិងឆ្លងលើ របៀបវារៈសំខាន់ៗមួយចំនួន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ។
២- សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាត ប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម
៣- សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុង វិស័យព្រហ្មទណ្ឌ។
៤-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
៤.១- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រៀងស្តីពី ការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាង ព្រះរាជាណាចក្រកម្ពុជា និងម៉ាឡេស៊ី។
៤.២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួត គ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាង ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។
៤.៣- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យ ព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញា ទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃ អក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្ម ឆ្នាំ១៩៧៩៕