រដ្ឋមន្រ្តីប្រាប់គ្រូពេទ្យទាំងអស់ កុំព្រោះតែបញ្ហាកូវីដ១៩ ធ្វើឲ្យអាក់ខានដល់ដំណើរការ ផ្ដល់សេវាសុខភាព ជូនពលរដ្ឋឲ្យសោះ

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំនិងដាស់តឿន ដល់ក្រុមគ្រូពេទ្យតាមបណ្ដា រាជធានី-ខេត្តទាំងអស់ មិនត្រូវអាក់ខាន ឬរាំងស្ទះដល់ដំណើរការផ្ដល់សេវា សុខភាពណាមួយដោយសារជំងឺកូវីដ១៩ នោះឡើយ។

តាមេយៈសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ លោកម៉ម ប៊ុនហេង បានលើកឡើងថា ការផ្ដល់សេវាពិនិត្យ និងព្យាបាលជំងឺ និងសេវាសុខភាពផ្សេងៗ នៅតាមបណ្ដាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកតាមខេត្ត និងស្រុកមណ្ឌលសុខភាពទាំងអស់ នៅទូទាំងប្រទេសត្រូវតែប្រព្រឹត្តទៅ ឲ្យកាន់តែសកម្មបន្ថែមទៀត និងផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ ដោយគោរពក្រមសីលធម៌ វិជ្ជាជីវៈ សុខាភិបាលឲ្យបានខ្ជាប់ខ្ជួនផងដែរ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា «មិនត្រូវឲ្យមានការអាក់ខាន ឬរាំងស្ទះដំណើរការផ្ដល់សេវា សុខភាពណាមួយ ដោយសារតែជំងឺកូវីដ១៩ នេះឡើយ»។

ជាមួយគ្នានេះផងដែរ ដើម្បីបន្តរក្សានូវកិច្ចការពារ កុំឲ្យមានរលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លោក ម៉ម ប៊ុនហេង ក៏សូមធ្វើការក្រើនរំលឹក និងបន្តអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាងមួយខែកន្លងមកនេះថា៖ ទោះបីជាប្រទេសកម្ពុជា មិនមានរកឃើញករណ៏ជំងឺកូវីដ-១៩ថ្មី ក្នុងរយៈពេលជាងមួយខែកន្លងមកក្តី ក៏ប៉ុន្តែបុគ្គលគ្រប់រូប ត្រូវមានការប្រុងប្រយ័ត្ន និងអនុវត្តវិធានការ ការពារការចម្លងនេះ ឲ្យបានជាប់ជានិច្ចដោយត្រូវចេះ តាមបែបគន្លងថ្មី កែប្រែទម្លាប់ និងឥរិយាបទនៃការរស់នៅរបស់ខ្លួន ឲ្យស្របទៅតាមសភាពធម្មតា ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជាការប្រកាន់យកនូវការ អនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ ក្នុងករណីចាំបាច់ ) ប្រើក្រម៉ា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមាន ក្អកឬកណ្តាស់ និងបន្តអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធី ណាមួយដែលមានគ្នាច្រើន កុះករពេក ជាដើម ដូចជាការជួបជុំស៊ីផឹក ដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ព្រមទាំងកន្លែងលក់ដូរផ្សេងៗ ត្រូវតែបន្តអនុវត្តន៍វិធានការ ការពារឲ្យទៅតាមបែបនៃការរស់ សភាពធម្មតាតាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ ដូចបានជម្រាបជូនខាងលើនេះស្រាប់ ប្រកប ខ្លួនមិនត្រូវក្លាយជាទីកន្លែង ចម្លងវីរុសកូវីដ១៩ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១៣ ឧសភា កម្ពុជាមានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១២២នាក់ ខណៈអ្នកព្យាបាលបានជាសះស្បើយ កើនដល់ ១២១នាក់ ដោយឡែកអ្នកជំងឺ នៅសល់តែម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕