ភ្នំពេញ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសទុកពេល ២ខែ ឲ្យម្ចាស់ ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវា ដែលមាននាវាពុំទាន់ចុះបញ្ជី មិនបន្ដសុពលភាព សៀវភៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេសនាវា និងលិខិតអនុញ្ញាតធ្វើអាជីវកម្ម ត្រូវមកដាក់ពាក្យស្នើចុះបញ្ជី នៅអគ្គនាយកដ្ឋាន។
យោងតាមសេចក្ដីជម្រាបជូនរបស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៅថ្ងៃទី១១ ឧសភាបានឲ្យដឹងថា កន្លងមកនេះអគ្គនាយកដ្ឋាន បានសង្កេតឃើញថា ការធ្វើអាជីវកម្ម របស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវាមួយចំនួន ដែលមាននាវាកំពុងធ្វើនាវាចរ តាមតំបន់ឆ្នេរ នៅពុំទាន់បានចុះបញ្ជី មិនបន្ដសៀវភៅត្រួតពិនិត្យ លក្ខណៈបច្ចេកទេសនាវា និងលិខិតអនុញ្ញាតនាវាធ្វើអាជីវកម្ម នៅឡើយ។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បញ្ជាក់ថា «ដូច្នេះដើម្បីធានាបាននូវការគ្រប់គ្រង និងការពារសុវត្ថិភាព ក្នុងការដឹកជញ្ជូន ស្របតាម សារាចរលេខ០០៦ សរណន.សក ស្ដីពី ការគ្រប់គ្រងវិស័យនាវាចរណ៍សមុទ្រ អគ្គនាយកដ្ឋាន សូមឲ្យម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ឬម្ចាស់នាវា ដែលមាននាវា ពុំទាន់បានចុះបញ្ជី មិនបន្ដសុពលភាព សៀវភៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវា និងលិខិត អនុញ្ញាតនាវាធ្វើអាជីវកម្ម ត្រូវ មកដាក់ពាក្យសុំនៅ អគ្គនាយកដ្ឋាន ដឹកជញ្ជូន ផ្លូវទឹក ដោយទុករយៈពេលចំនួន២ខែ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ» ៕