ការរឹតបន្តឹងច្បាប់ ចរាចរណ៍ មិនមែនជាយុទ្ធសាស្ត្រ កៀងគោ បញ្ចូលក្រោលឡើយ

0

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក គឺត្រូវធ្វើឡើងនៅទូទាំងប្រទេស ហើយមិនមែនជាយុទ្ធសាស្ត្រកៀងគោ បញ្ចូលក្រោលឡើយ ប៉ុន្តែដើម្បីសុខសុវត្ថិភាព និងវិបុលភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅ។

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នាទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន មានការរៀបចំ សន្និសីទសារព័ត៌មាន ស្ដីពីការអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។

សន្និសីទសារព័ត៌មាននេះ ធ្វើឡើងដើម្បីបកស្រាយ ពន្យល់បន្ថែមនូវ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាការស្រាយចម្ងល់នានារបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើងតាមបណ្ដាញសង្គម ជុំវិញបញ្ហា ដែលកើតមានឡើងក្រោម ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក របស់អាជ្ញាធរមានសមត្ថកិច្ច ផងដែរ ។

លោកជំទាវអគ្គលេខាធិការ បានឱ្យដឹងថា យើងបានធ្វើវិសោធនកម្មច្បាប់នេះ លើកចុងក្រោយតាំងពីឆ្នាំ ២០១៧ មកម៉្លេះ និងធ្វើការចេញអនុក្រឹត្យលេខ៣៩ អនក្រ.ប្រក. ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ ស្តីពី ការកែសម្រួល អនុក្រឹត្យលេខ៤៤ អនក្រ.ប្រក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹង ច្បាប់ចរាចរណ៍ផ្លូវគោក និងបានផ្សព្វផ្សាយជាសាធារណៈតាមគ្រប់រូបភាព និងចាប់ អនុវត្តផាកពិន័យអន្តរការណ៍ ជាបន្តបន្ទាប់រហូតមក សំដៅឱ្យអ្នកប្រើប្រាស់ ផ្លូវថ្នល់ ទាំងអស់គោរពច្បាប់ ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបានច្រើនបំផុត។

លោកស្រី អគ្គលេខាធិការបានបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ នេះគឺមិនមែនមានបំណង រកប្រាក់ចំណេញទេ ប៉ុន្ដែយើងចង់ឃើញ អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទទួលបាន សុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថា គ្រោះមហន្តរាយទាំងនេះ បានបន្សល់ទុក ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។

ជាមួយគ្នានោះផងដែរ លោកស្រីរដ្ឋលេខាធិការ បានឱ្យដឹងថា ការរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោកនេះ ធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍ មិនដែលប្រកាន់ថា កើតមានតែនៅ តាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ។ យ៉ាងណាមិញ ក្រោមដំបូលសុខសន្តិភាព ផ្លូវថ្នល់ខ្វាត់ ខ្វែង ប្រជាពលរដ្ឋមានមធ្យោបាយ ធ្វើដំណើរច្រើនបែបច្រើនយ៉ាង រាជរដ្ឋាភិបាលមានភារកិច្ច ថែរក្សាសុខ សុវត្ថិភាពរបស់ពួកគាត់ ដោយមិនប្រកាន់ទីកន្លែង និងពេលវេលាឡើយ។

លោកស្រី អគ្គលេខាធិការ បានគូសបញ្ជាក់ថា ឆ្នាំ២០២០នេះ គឺជាឆ្នាំដែលត្រូវរឹតបន្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោក ហើយមុននឹងប្រតិបត្តិការ រឹតបន្តឹងច្បាប់ចរាចរណ៍ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួង និងអាជ្ញាធរ មានសមត្ថកិច្ច បានជូនដំណឹង ដល់សាធារណជន តាំងពីដើមឆ្នាំមកម្ល៉េះ ដើម្បីឱ្យបងប្អូនប្រជា ពលរដ្ឋបានត្រៀម ឯកសារផ្លូវច្បាប់ បានគ្រប់គ្រាន់មុនពេល សមត្ថកិច្ចចុះធ្វើប្រតិបត្តិការ និងអាចចៀសផុត ពីការពិន័យនានា។

ឆ្លើយតបនឹងការចោទសួរ អំពីការរឹតបន្តឹងច្បាប់ ពោលគឺ យុទ្ធសាស្ត្រកៀងគោ បញ្ចូលក្រោល លោកស្រីរដ្ឋលេខាធិការ បានបកស្រាយថា ឆៀករថយន្តគឺ ជាកាតព្វកិច្ចផ្លូវច្បាប់ របស់ម្ចាស់យានយន្ត ហើយការ ឆៀកនេះទៀតសោត ត្រូវតែធ្វើឡើង តាមកាលកំណត់ របស់រថយន្តនីមួយៗ មិនមែនដល់ពេលរឹតបន្តឹងទើប យករថយន្តទៅឆៀកនោះទេ។ ការមិនយក រថយន្តទៅឆៀក មិនត្រឹមតែគ្រោះថ្នាក់ ចំពោះខ្លួនឯងនោះទេ ប៉ុន្តែវាបង្កគ្រោះថ្នាក់ ដល់អ្នកដ៏ទៃផងដែរ។ ចំណែកឯការធ្វើបណ្ណបើកបរ គឺជាកាតព្វកិច្ច របស់អ្នកបើកបរ ព្រោះបណ្ណបើកបរជាភស្តុតាង បញ្ជាក់ពីសមត្ថភាព របស់អ្នកបើកបរតាម ប្រភេទយានយន្តនីមួយៗ ដែលកំណត់ដោយច្បាប់ មិនមែនជាការកៀងគោ បញ្ចូលក្រោល តាមការចោទប្រកាន់នោះទេ ប៉ុន្តែដើម្បីសុវត្ថិភាពរួម។

ជាមួយគ្នានោះផងដែរ លោក ហ៊ឹម យ៉ាន បានឱ្យដឹងថា លទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវ គោករយៈពេល ១១ថ្ងៃ បានរកឃើញថា៖ មានបទល្មើសសរុបចំនួន ១៩.០០៤ករណី ក្នុងនោះម៉ូតូមាន ចំនួន៧៥% និងរថយន្ត មានចំនួន២៥%។ ម៉្យាងវិញទៀត បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ មានការថយចុះចំនួន៥៤% ស្មើនឹង១២លើក អ្នកស្លាប់ថយចុះ១៦នាក់ ស្មើនឹង៩០% និងអ្នក របួសថយចុះ ៥៩នាក់ ស្មើនឹង ៥៣%។

លោកស្រី រដ្ឋលេខាធិការ បានអំពាវនាវ ឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម ជាមួយរាជរដ្ឋាភិបាល ដោយគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ប្រកបដោយសតិសម្បជញ្ញៈខ្ពស់ និងត្រូវចងចាំថា៖ ប្រទេសមាន ច្បាប់ ប្រជាពលរដ្ឋមានវិន័យ នោះវានឹងនាំមកនូវសុខសន្តិភាព និងវិបុលភាពជាមិនខាន។ បើយើង គោរពច្បាប់ គ្មានសមត្ថកិច្ច ណាមកផាកពិន័យ យើងឡើយ៕