ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល សំណូមពរដល់អ្នកសារព័ត៌មាន ជួយផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋកុំឲ្យជួបជុំគ្នាប្រើប្រាស់គ្រឿងស្រវឹង ខណៈដែលជំងឺកូវីដ១៩ មិនអស់ពីកម្ពុជា និងបន្តកើតមានឡើង ទូទាំងសកលលោក ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បច្ចុប្បន្នជំងឺកូវីដ១៩ទោះបី កម្ពុជាពុំមានករណីឆ្លងថ្មីក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់ ត្រូវមានការការពារ និងប្រុងប្រយ័ត្នបន្ថែមទៀត ។នេះបើយោងតាមAKP។
លោកបន្ថែមថា ចំពោះប្រជាពលរដ្ឋមួយចំនួន ដែលជួបជុំគ្នាផឹកស៊ីលែងខ្លាចជំងឺកូវីដ១៩ គឺជារឿងហានិភ័យបំផុត ។
លោកបន្តសំណូមពរ ដល់អ្នកសារព័ត៌មានទាំងអស់ឱ្យជួយផ្សព្វផ្សាយអប់រំដល់ពួកអ្នក ដែលលែងភ័យខ្លាចជំងឺកូវីដ១៩ហើយក៏បាន ចាប់ផ្តើមជួបជុំគ្នាប្រើប្រាស់គ្រឿងស្រវឹងជាដើមថា កុំទាន់អាលប្រញាប់ជួបជុំផឹកគ្រឿងស្រវឹងពេកអី ចាំពេលចប់កូវីដ១៩ចាំផឹក ឱ្យណាណីក៏មិនយឺតពេលដែរ តែបើប្រញាប់ផឹកស៊ីនៅពេលនេះ ក្រែងឆ្លងជំងឺកូវីដ ១៩ ស្លាប់បាត់ លែងបានផឹកស៊ីតទៅទៀត ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា «បងប្អូនទៅស៊ីផឹកច្រើនយើងជួយអប់រំទៅ វាមិនត្រូវទេយើងត្រូវជួយអប់រំ យើងកុំអបអរសាទយើងជួយអប់រំទៅ សារព័ត៌មានយើងនិយាយទៅដូចតាមលោកជំទាវ ឱ វណ្ណឌីន យើងជួយណែនាំទៅកុំឲ្យវាមានហានិភ័យខ្ពស់ ពីព្រោះយើងអាចមានពេលស៊ីផឹកទៀតតា ពីបីខែទៀតវាអស់កូវីដ ផឹកឲ្យណាណីហ្មងទៅ កុំមកផឹកឥលូវខ្លាចវាផឹក មិនបានយូរស្អែកខាន ស្អែកក្រែងវាទៅៗ ដូច្នេះសូមឲ្យជួយណែនាំណាក្មួយ កុំឃើញគេធ្វើមិនល្អ មិនជួយអប់រំណែននាំមិនមែន ជាអ្នកសារព័ត៌មានទេ អ្នកព័ត៌មានឃើញអីហើយ សួរហើយឆ្លើយណែនាំ »។
សូមបញ្ចាក់ថា ចាប់តាំងពីពាក់កណ្តាលខែ មេសា មក កម្ពុជាមិនបានរកឃើញអ្នកឆ្លងថ្មី នៃជំងឺកូវីដ១៩ ទេ ខណៈមានអ្នកជាសះស្បើយជាបន្តបន្ទាប់ ដែលគិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២០ ទិន្នន័យនៅដដែល គឺអ្នកឆ្លងសរុប ចំនួន ១២២ នាក់ អ្នកដែលត្រូវបានព្យាបាលឱ្យជាសះស្បើយសរុប ១២១ នាក់ ហើយពុំមានអ្នកស្លាប់នោះទេ ៕