ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូច អន្តរាគមន៍លេខ៨ បានដឹកនាំកងកម្លាំងក្រោមឱវាទ ប្រមាណ២៧នាក់ ជួបទំនាក់ទំនងល្អបន្តឡើងវិញ ជាមួយកងកម្លាំងប្រដាប់អាវុធថៃ ប្រមាណ២៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក មួន ប្រដាប់ ប្រធានទិសប្រាសាទព្រះវិហារ និងលោកវរសេនីយ៍ ប៊ុន តឹប ប្រធានទំនាក់ទំនងព្រំដែន បន្ទាប់ពីបានផ្តាច់ការ ជួបទំនាក់ទំនងគ្នា មួយរយៈក្រោយការផ្ទុះ រីករាលដាលជាសកល នៃជំងឺកូវីដ១៩ ។
តាមរយៈគេហទំព័រ ហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឲ្យដឹងថា ជំនួបទំនាក់ទំនងបន្តរវាងកងទ័ព កម្ពុជា-ថៃ ធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២០ នៅបណ្តោយព្រំដែន ក្នុងភូមិសាស្រ្តគោល៨ ខាងលិច ភ្នំប្រាសាទព្រះវិហារ ។
ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការ និងការទំនាក់ទំនងល្អបន្ថែមទៀត រវាងកងកម្លាំងឈរជើងជួរមុខ នៃប្រទេសទាំងពីរ ដើម្បីរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ព្រមទាំងការរស់នៅ ប្រកបដោយភាពសុខសាន្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ឈរលើការណ៍ដោះស្រាយគ្នា ដោយសន្តិវិធីដើម្បីបញ្ជៀស បានការប្រឈមមុខដាក់គ្នា ដោយកម្លាំងប្រដាប់អាវុធ ។
ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន នាយសេនាធិការកងពលតូច អន្តរាគមន៍លេខ៨ បានថ្លែងបញ្ជាក់ឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ អគ្គបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោក នៅគ្រប់បណ្តាអង្គភាពទាំងអស់ ដែលកំពុងបំពេញភារកិច្ច ក្នុងកិច្ចការពារ នៅតាមគោលដៅខ្សែរត្រៀមជួរមុខព្រំដែនកម្ពុជា-ថៃ នៅតែប្តេជ្ញាចិត្តខ្ពស់ខិតខំប្រឹងប្រែងបន្ត ក្នុងការការពារ គ្រប់គ្រងបានយ៉ាងរឹងមាំ ដោយឈរលើ ស្មារតីប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់។ ពិសេសបង្កើនការចេញដើរ ល្បាតបានជាប់ជាប្រចាំ ទោះបីជាសភាពការណ៍ព្រំដែន មានសភាពស្ងប់ស្ងាត់ជាធម្មតាក្តី យើងក៏នៅតែមានការ ប្រុងប្រយ័ត្នជាប់ជានិច្ច៕