ក្រសួងធនធានទឹកទទូចឲ្យអភិបាលរាជធានី ខេត្តជួយទប់ស្កាត់ ការចាក់ដីលុបបឹងផង

0

ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមបានទទូច ទៅដល់គ្រប់អភិបាលរាជធានី-ខេត្ត ឲ្យជួយទប់ស្កាត់ការរំលោភ ចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួជាដើម ព្រោះបង្កឲ្យមានផលប៉ះពាល់ យ៉ាងខ្លាំងដល់ផ្ទៃរងទឹកភ្លៀង រហូតធ្វើឲ្យមានការជន់លិច នៅរាជធានីភ្នំពេញ ក៏ដូចជាបណ្ដាខេត្តមួយចំនួន ផងដែរ។នេះបើយោងតាមលិខិត របស់លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមផ្ញើទៅគ្រប់អភិបាលរាជធានី ខេត្តកាលពីថ្ងៃទី៨ ខែ ឧសភា។

លិខិតបានឲ្យដឹងថាយោងតាមស្ថានភាព សេដ្ឋកិច្ចនៃកម្ពុជា មានការរីកចម្រើនក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមានកំណើន នៃការសាងសង់គួរឲ្យកត់សម្គាល់។ ទន្ទឹមនឹងការរីកចម្រើននេះ យើងក៏សង្កេតឃើញ មានសកម្មភាពអវិជ្ជមាន មួយចំនួន ដូចជាការរំលោភចាក់ដីលុបចំណី មាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។ផ្ដើមចេញពីសកម្មភាពខាងលើនេះក្រសួងធនធានទឹក និងឧតុនិយមមានការ ព្រួយបារម្ភជាខ្លាំងចំពោះបញ្ហា ដែលអាចកើតឡើងដល់លទ្ធភាព នៃការរំដោះទឹកនិងបង្ក ជាគ្រោះមហន្តរាយទឹកជំនន់ ដោយសារចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ឬតំបន់ផ្ទៃរង ទឹកភ្លៀងមួយចំនួន ត្រូវបានរំលោភចាក់ដី និងការសាងសង់បិទផ្លូវទឹក នានាដោយពុំស្របតាមលិខិត បទដ្ឋានគតិយុត្តជាធរមាន” ។

រដ្ឋមន្រ្តីក្រសួងធនធានទឹក សង្កត់ធ្ងន់ថា” សូមឯកឧត្តម លោក ជំទាវ អភិបាល នៃគណៈអភិបាលគ្រប់រាជធានី ខេត្តជ្រាប និងមានវិធានការសមស្រប ដើម្បីជួយទប់ស្កាត់ ការរំលោភចាក់ដី លុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួដែលមិនស្រប តាមលិខិតបទដ្ឋាន គតិយុត្តបានកំណត់” ៕