ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស តាមគន្លងព្រះបិតា រក្សាមិត្តភាពរវាងកម្ពុជា-ចិន ដើម្បីផ្ដល់ អត្ថប្រយោជន៍ ដល់ប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាស លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជា រដ្ឋមន្រ្តីការបរទេសចិន ចូលក្រាបថ្វាយបង្គំគាល់ សួរព្រះរាជសុខទុក្ខនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ផ្ញើការសួរសុខទុក្ខ និងសេចក្តីនឹករឭកជូនដល់លោក ប្រធានាធិបតីចិន និងលោកភរិយា តាមរយៈលោកទីប្រឹក្សារដ្ឋចិន។
ព្រះអង្គមានព្រះបន្ទូលថា «ទ្រង់នឹងបន្តរក្សាមិត្តភាពរវាងចិន និងកម្ពុជា ដែលបានបង្កើតឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិន ជំនាន់មុន បន្តថែរក្សានិងអភិវឌ្ឍមិត្តភាព នៃប្រទេសទាំងពីរ ផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ជូនដល់ប្រជាជន ទាំងពីរប្រទេស។»
ព្រះអង្គក៏បានអបអរសាទរ ជាមួយមហាសមិទ្ធផល នៃកិច្ចទប់ស្កាត់នឹងជំងឺវីរុស ក្នុងប្រទេសចិន ដែលស្ថិតក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់លោក ប្រធានាធិបតីចិន ព្រះអង្គបានសព្វព្រះទ័យវាយតម្លៃខ្ពស់ ចំពោះគំនិតគ្រប់គ្រងនិងអនុវត្តគោលការណ៍ របស់រដ្ឋាភិបាលចិន ដែលផ្តោតសំខាន់លើប្រជាជនជាធំ ទ្រង់បានថ្លែងអំណរគុណដល់ជំនួយរបស់ប្រទេសចិន ក្នុងកិច្ចប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសក្នុងប្រទេសកម្ពុជា។ ភាគីកម្ពុជានឹងបន្តពង្រឹង កិច្ចពិភាក្សាបទពិសោធន៍ ក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ជាមួយភាគីចិន ដើម្បីរក្សាសុខសុវត្ថិភាព អាយុជីវិតប្រជាជន។
ចំណែកលោក វ៉ាង យី ក៏បានពាំនាំពាក្យសួរ ព្រះរាជសុខទុក្ខរបស់លោក ប្រធានាធិបតីចិន Xi Jinping និងលោកស្រី Peng Liyuan ថ្វាយចំពោះព្រះអង្គ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ផងដែរ។
លោកមានប្រសាសន៍ថា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គទ្រង់បាន បន្តរក្សាមិត្តភាពប្រពៃណី ជាមួយចិន បន្ទាប់ពីសម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានស្ដេចយាង រួមចំណែកជាថ្មី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍ មិត្តភាពរវាងចិននិងកម្ពុជា។
លោកមានប្រសាសន៍បន្ថែមថា ភាគីចិនពិតជាត្រេកអរជាខ្លាំង ដែលបានឃើញកម្ពុជា ស្ថិតក្រោមម្លប់ដ៏ត្រជាក់ត្រជុំ របស់ព្រះអង្គ និងការដឹកនាំរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កិច្ចទប់ស្កាត់នឹងជំងឺវីរុសCOVID-19 ក្នុងប្រទេសទទួលបានសមិទ្ធផល ជាច្រើនគួរឲ្យកត់សម្គាល់ ក៏ជឿជាក់ថាប្រជាជនកម្ពុជា ប្រាកដជាអាចយកឈ្នះ ជាមួយនឹងជំងឺវីរុសមួយនេះជាមិនខាន។ ខណៈពេលនេះ ចិននិងកម្ពុជានៅតែអាចប្រឈម ជាមួយហានីភ័យ និងបញ្ហាប្រឈមមួយចំនួនក្នុងកិច្ចទប់ស្កាត់ ការផ្ទុះឡើងសារជាថ្មី នូវជំងឺវីរុសក្នុងប្រទេស និងកិច្ចទប់ស្កាត់នឹង ជំងឺវីរុស ដែលឆ្លងពីក្រៅប្រទេស។
លោក វ៉ាង យី បានមានប្រសាសន៍ថា «ភាគីទាំងពីរគួរពង្រឹង កិច្ចសហការសាមគ្គីគ្នា និងការពិភាក្សាបទពិសោធន៍ ទប់ស្កាត់នឹងជំងឺវីរុសមួយនេះ ដើម្បីដំណើរការ សេដ្ឋកិច្ចសង្គម និងសណ្ដាប់ធ្នាប់ជីវភាពសាជាថ្មី ដោយស្ថិតក្រោមការទប់ស្កាត់ យ៉ាងមុះមុតក្នុងភាពធម្មតានេះ។»
លោកបន្តទៀតថា ក្នុងខណៈពេលដែលចិន កំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស ដ៏ចាំបាច់នេះ ភាគីកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងមុតមាំ ជូនដល់ភាគីចិន។ ក្រោយពីកម្ពុជា មានការផ្ទុះឡើងនូវ ជំងឺវីរុសCOVID-19មក ភាគីចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញ វេជ្ជសាស្រ្តរដ្ឋចិនដំបូងគេ ក្នុងកិច្ចទប់ស្កាត់ជំងឺវីរុសក្នុងបណ្ដាប្រទេសជិតខាងនៃចិន និងក្រុមអ្នកជំនាញវេជ្ជសាស្ត្រយោធាចិនមកកាន់ប្រទេសកម្ពុជា និងព្រមទាំងបានផ្តល់ សម្ភារៈទប់ស្កាត់ ចាំបាច់ជាច្រើន ជូនដល់ភាគីកម្ពុជាផងដែរ។
លោកគួសបញ្ជាក់ថា «ទាំងនេះបានបង្ហាញឲ្យឃើញពីមិត្តភាពប្រពៃណីដែលគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា»៕