ព្រឹកនេះ សពមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើត

0

ភ្នំពេញ៖ បន្ទាប់ពីបានតម្កល់ធ្វើ ពិធីបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ អស់រយៈពេលពេល ២យប់៣ថ្ងៃ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០នេះ សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែទៅបញ្ចុះនៅស្រុកកំណើត ស្ថិតនៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ពិធីដង្ហែសពប្រកបដោយភាពក្តុកក្តួល និងសោកសៅត្រូវបានធ្វើឡើង ទៅតាមបែបបទព្រណៃណី ព្រះពុទ្ធសាសនា ដោយមានការសូត្រមន្តឧទ្ទិសកុសលពីកុសលពីសំណាក់ព្រះសង្ឃ។

មរណភាព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាការបាត់បង់នូវមាតា មាតាក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់ គ្រប់បែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំ ផ្តល់ដំបូន្មានល្អៗ ធ្វើឱ្យកូនចៅ បានក្លាយជាពលរដ្ឋល្អ បញ្ញវន្ត និងជាថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា នាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលជាមនុញ្ញផល មិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី កើតនៅថ្ងៃចន្ទ ១២កើត ខែពិសាខ ឆ្នាំឆ្លូវ ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី0៤ ខែឧសភា ឆ្នាំ១៩២៥ នៅក្នុងគ្រួសារ កសិករ នៅភូមិកោះបីពៃ ឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។

បិតានាម ឱក ប៊ុន មាតានាម ណៃ ហួយ។ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាបុត្រីទី២ ក្នុងចំណោមបងប្អូន ៤នាក់ ក្នុងនោះមានស្រី ៣រូប និងប្រុស ១រូប។ កាលពីកុមារ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិនបានចូលរៀនសូត្រទេ លោកបានចំណាយពេលយុវវ័យ ដើម្បីតែជួយការងារមាតា បិតា នៅក្នុងគ្រួសារក្នុងការប្រកបរបរធ្វើចំការ។

អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឧបាសក លីន គ្រី នៅឆ្នាំ១៩៤៣ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។ ពីចំណងអាពាហ៍ពិពាហ៍នោះ អ្នក ឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា មានបុត្រា បុត្រី ចំនួន ៥រូប រួមមាន៖ លោកស្រី ប៊ុន សាមលេន, លោក គ្រី ទូច, លោក គ្រី សុខហាក់ ស្លាប់នៅក្នុងរបបប៉ុលពត, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងលោកស្រី ប៊ុន សុថា។

ពេលនៅមានជន្មាយុ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ជាពុទ្ធសាសនិកជនមួយរូប ពោរពេញដោយសទ្ធាជ្រះថ្លា ដោយបានចូលរួមចំណែកកសាងសមិទ្ធផលជាច្រើនតម្កល់ជាឧត្តមប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា។
ក្រៅពីជាពុទ្ធសាសនូបត្ថម្ភដ៏ឧត្តមមួយរូបហើយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា បានចូលរួមធ្វើកិច្ចការមនុស្សធម៌នៅក្នុងសង្គមជាច្រើនទៀតផងដែរ៕