ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា នគរបាលនឹងកំណត់យក បទល្មើសអាទិភាពចំនន ១៦ ក្នុងនោះមានបទល្មើសម៉ូតូចំនួន៧ និងបទល្មើសបើកបររថយន្តចំនួន៩ ដើម្បីមកអនុវត្តមុនគេ ហើយបទល្មើសផ្សេងៗទៀត នឹងធ្វើឡើងនៅពេលខាងមុខ ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការណ៍រឹតបន្ដឹងច្បាប់ចរាចរណ៍ ដែលចាប់ផ្តើមថ្ងៃទី១ ឧសភា» នៅថ្ងៃទី៣០ មេសា នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន បានមានប្រសាសន៍ថា បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលត្រូវត្រួតពិនិត្យមុនគេរួមមាន៖ ១.មិនពាក់មួកសុវត្ថិភាព ២.ស្រវឹង ៣. មិនគោរពភ្លើង និងស្លាកសញ្ញា ៤.ល្មើសការបត់ និងវ៉ាជែង ៥.ដឹកលើចំណុះ ៦.គ្មានស្លាកលេខ និង៧.ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។ ចំពោះបទល្មើសរថយន្តទាំង៩ ក្នុងចំណោម៤១ ដែលត្រូវត្រួតពិនិត្យមុនគេ រួមមាន៖ ១.ល្បឿន ២.ស្រវឹង ៣.គ្មានបណ្ណបើកបរ ៤.មិនគោរពភ្លើងសញ្ញា ៥.ល្មើសក្នុងការបទ និងវ៉ាជែង ៦.មិនពាក់ខ្សែក្រវ៉ាត់ ៧.ដឹកលើសចំណុះ ៨.គ្មានស្លាកលេខ និង៩.និយាយទូរស័ព្ទដោយ គ្មានឧករណ៍ភ្ជាប់សំឡេង ។
លោកនាយឧត្តមសេនីយ៍ បន្ថែមថា ការអនុវត្តអនុក្រឹត្យ ចាប់ពីថ្ងៃទី១ ឧសភានេះតទៅ គឺផ្តោតតែលើបទល្មើសចរាចរណ៍ ដែលបង្កគ្រោះថ្នាក់ខ្ពស់ ដែលក្នុងនោះមានម៉ូតូ ៧បទល្មើស និងរថយន្ត ៩បទល្មើសប៉ុណ្ណោះ ហើយនគរបាលចរាចរណ៍ នឹងមិនមានការឃាត់រថយន្ត ដែលបើកបរគោរពច្បាប់ តាមដងផ្លូវនោះទេ គឺឃាត់តែរថយន្តដែលមិនគោរពច្បាប់ ៕