អ្នកបើកបរ មិនបានភ្ជាប់ឯកសារពាក់ព័ន្ធ ទៅជាមួយអាចប្រឈមនឹង ការផាកពិន័យធ្ងន់

0

ភ្នំពេញ៖ ស្របពេលការរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នឹងត្រូវបានចាប់ផ្ដើមអនុវត្តន៍ ចាប់ពីថ្ងៃទី១ ខែឧសភា ស្អែកនេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំប្រជាពលរដ្ឋទាំងអស់ ហាមដាច់ខាតបញ្ជាយានយន្ត នៅលើដងផ្លូវដោយគ្មាន ប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ ដោយមិនបានបន្តអោយ បានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹង ការផាកពិន័យធ្ងន់ ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីបានសរសេរ នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះថា ឯកសារចាំបាច់បំផុត ដែលត្រូវមានក្នុងពេលបើកបរ ក្នុងពេលដែលសមត្ថកិច្ច កំពុងរឹតបន្តឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្ត របស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀក អោយបានទាន់ពេល ចៀសវាងការផាកពិន័យ ក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្ត របស់បងប្អូនក្នុងពេលបើកបរ មិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

សម្ដេចគួសបញ្ជាក់ថា «ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរ ជាប់នឹងខ្លួនគ្រប់ពេល ក្នុងពេលបើកបរ ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្ត នៅលើដងផ្លូវដោយគ្មាន ប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ ដោយមិនបានបន្តអោយបានត្រឹមត្រូវ តាមច្បាប់ ដែលអាចប្រឈមនឹង ការផាកពិន័យធ្ងន់ ។»

ឆ្លៀតក្នុងឱកាសនោះផងដែរ សម្ដេច បានជូនពរបងប្អូនជនរួមជាតិ មានសុវត្ថិភាព ក្នុងការបើកបរ នៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។

សូមរំលឹកថា ច្បាប់ថ្មីដែលនឹងចាប់ផ្ដើមអនុវត្តន៍នៅថ្ងៃទិ១ ឧសភា ខាងមុខនេះ គឺគ្រាន់តែអត់ពាក់មួកសុវត្ថិភាពឬពាក់មិនត្រឹមត្រូវ ពោលអត់ដាក់គន្លឹះមួក ផាក៦ម៉ឺនរៀល ។និយាយទូរស័ព្ទពេលកំពុងបើកបរ ៨ម៉ឺនរៀល ។ ជិះបង្ហោះម៉ូតូ ឬម៉ូតូមានសំឡេងឮខ្លាំង ឬហុយផ្សែងខ្លាំងផាក១០ម៉ឺនរៀល៕