ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកា ប្រមាណ ១១,៦ លានដុល្លារ។
ក្នុងឱកាស ចុះត្រួតពិនិត្យការងារគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រាកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០លោក សាយ សំអាល់ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សដើម្បីកម្ពុជាលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅគាំពារលើការងារអភិរក្ស និងការបង្កើតសដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។
លោកមានប្រសាសន៍ថា “អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ បានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង ដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកា សរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្សក៏ដូចជា ជួយលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹង គោលការណ៍ហិរញ្ញប្បទាន និរន្តរភាព”។
លោកបន្ថែម ថា ក្រុមមន្ត្រីជំនាញកំពុង សិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ផងដែរ។ លោកថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើន ផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោម យុត្តាធិការ របស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។
លោករដ្ឋមន្ដ្រី គូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពល កាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ទេសចរណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ។ រហូតមកទល់នឹងឆ្នាំ ២០១៩ នេះ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ ១៦៩ សហគមន៍ ហើយបាននិងកំពុងចូលរួមជាមួយមន្ត្រីឧទ្យានុរក្សអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិនានា។
លោករដ្ឋមន្ដ្រី អះអាងថា រាជរដ្ឋាភិបាលកម្ពុជាមាន ទិសដៅធ្វើយ៉ាងណាឱ្យសហគមន៍មានចំណូលបន្ថែម និងបង្កើតជម្រើសថ្មី សម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិត ដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ ដែលជាទម្លាប់ មានពីយូរលង់ណាស់មកហើយ របស់ប្រជាបលរដ្ឋនៅតាមសហគមន៍ មូលដ្ឋានដោយបង្កើតមុខរបរថ្មី បម្រើឱ្យវិស័យ អេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ ទីផ្សារការដាំដំណាំរួមផ្សំ ផ្សេងទៀត មានបន្លែបង្ការសម្រាប់ ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្ម ដល់ភ្ញៀវទេសចរ ដែលទៅទស្សនាកម្សាន្ត នៅក្នុងតំបន់ សហគមន៍របស់ពលរដ្ឋផងដែរ៕