បុរសខ្លាំងនៃកម្ពុជា អះអាងថា អាចធានាបាន នូវអត្រាមានការងារធ្វើ ៩៩.៧% នៃកម្លាំងពលកម្មសរុប ១០លាននាក់

0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាល អាចធានាបាននូវអត្រាមានការងារធ្វើ ៩៩,៧% នៃកម្លាំងពលកម្មសរុប ១០លាននាក់ ។

យោងតាមសារលិខិត ក្នុងឱកាសអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «រាជរដ្ឋាភិបាល អាចធានាបាននូវអត្រា មានការងារធ្វើ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់ នៅក្នុងនោះ រួមមាន ក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានចំនួនជាង១.៥លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២.២លាននាក់) វិស័យកសិកម្មប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈចំនួន៥០ម៉ឺននាក់ និងពលករ ដែលធ្វើការនៅក្រៅប្រទេស ចំនួនប្រមាណ ១.២៨លាននាក់»។

សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ដើម្បីឲ្យកម្ពុជា អាចសម្រេចបានតាមមហិច្ឆតា ប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នាឆ្នាំ២០៥០ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំជំរុញការអនុវត្ត ដោយបានជោគជ័យ នូវយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងគោលលនយោបាយ អាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ និងអនុវត្តន៍នូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា «កែទម្រង់ផ្ទៃក្នុង និងបង្កើតមិត្តខាងក្នុង ស្មារតីឯករាជ្យ»៕