ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពិនិត្យកែសម្រួលបន្ថែម លើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ នឹងបញ្ជូនទៅសុំការអនុម័ត ពីគណៈរដ្ឋមន្ត្រី ក្នុងពេលតែមួយ នាពេលខាងមុខនេះ ។
ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យឆ្លងសេចក្តីព្រាងច្បាប់ចំនួន២ នាព្រឹកថ្ងៃទី២៨ មេសានេះ សម្តេច ស ខេង បានមានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួង នាព្រឹកថ្ងៃនេះ ដើម្បីពិនិត្យកែសម្រួល និងឆ្លងសេចក្ដីព្រាងច្បាប់ទាំងពីរនេះ គឺជាកិច្ចប្រជុំលើកចុងក្រោយហើយ ដោយសារចំណុច ដែលត្រូវកែសម្រួល ក្នុងច្បាប់នេះនៅតិចតួចប៉ុណ្ណោះ ។
សម្ដេចក្រឡាហោមបញ្ជាក់ថា «សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងពិនិត្យកែសម្រួលបន្ថែមលើ សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការរីកសាយភាយ ហិរញ្ញប្បទានអាវុធមហាប្រល័យ នឹងត្រូវបញ្ជូនទៅសុំការ អនុម័តពីគណៈរដ្ឋមន្ត្រី ក្នុងពេលតែមួយតែម្ដង នាពេលខាងមុខនេះ»។
ជាមួយគ្នានោះដែរ សម្ដេច ស ខេង បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែង ធ្វើឲ្យសេចក្ដីព្រាងច្បាប់នេះ អាចឈានទៅបញ្ចប់ការតាក់តែង បានទាន់ពេលវេលានៅមុនដំណាច់ ខែមេសា ឆ្នាំ២០២០តាមការគ្រោងទុក ។
សម្ដេចគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ធ្វើឡើងដើម្បីឆ្លើយតប នឹងការវិវត្តន៍សង្គមផង និងដើម្បីឱ្យស្របទៅ នឹងបទដ្ឋានអន្តរជាតិ ដែលតម្រូវឲ្យកម្ពុជា មានយន្តការជាក់លាក់ ៕