ភ្នំពេញ៖ ក្រសួងបរិស្ថាន បានលើកឡើងថាផ្កាកេសរកូល ដែលប្រជាពលរដ្ឋនិយម ហៅថាផ្កាអ័រគីដេ ដាក់តាំងលក់ នៅតាមហាងលក់ផ្កានានា គឺជាប្រភេទកេសរកូល ដែលភាគច្រើន បានមកពីការបង្កាត់។ ប៉ុន្តែតាមការសិក្សា របស់អ្នកជំនាញផ្នែកជីវៈចម្រុះ ព្រះរាជាណាចក្រកម្ពុជា អាចចាត់ទុកជាប្រទេសមួយ ដែលសំបូរបែបនូវ ធនធានធម្មជាតិ និង ជីវៈចម្រុះ ដោយក្នុងនោះប្រភេទកេសរកូលព្រៃ (អ័រគីដេ) អាច មានប្រមាណជាង៥០០ប្រភេទ ហើយ ពូជ ខ្លះ ក៏ ជា ពូជ កម្រផងដែរ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៦មេសានេះ ក្រសួងបរិស្ថានបានឲ្យដឹងបន្ថែមថា ក្នុងចំណោម ប្រភេទ ទាំង នោះមាន តែកេសរកូល ប្រមាណ ៣៦០ប្រភេទប៉ុណ្ណោះ ដែលបានធ្វើអត្តសញ្ញាណរួច ។បច្ចុប្បន្នកេសរកូសព្រៃ កំពុង ទទួលរងការគំរាមកំហែង តាមរយៈការជួញដូរ ក្នុងរូបភាពផ្សេងទៅបរទេស ជាពិសេសប្រទេសថៃនិងវៀតណាម ប៉ុន្តែមិនទាន់មានការកត់ត្រានិងព័ត៌មានលម្អិត ពីការជួញដូរនេះនៅឡើយទេ៕