ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានលើកឡើងថា Messenger Kids គឺជាកម្មវិធីបង្កើតឡើងសម្រាប់កុមារ ដើម្បីជួយឱ្យកុមារភ្ជាប់ ទំនាក់ទំនងជាមួយមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារ តាមរយៈអនឡាញក្នុងការជជែកគ្នានិង ផ្ញើសារជាវីដេអូ ប៉ុន្តែអ្វីដែលល្អនោះគឺ ឪពុកម្តាយអាចគ្រប់គ្រង ការប្រើប្រាស់កម្មវិធីនេះបាន។
ប្រភពដដែលបន្ថែមថា បច្ចុប្បន្នដោយសារតែមាន ការរីករាលដាលនៃការឆ្លងនៃជំងឺ COVID-19 បានធ្វើឱ្យសាលារៀនបិទទ្វារ ផ្អាកការបង្រៀន ព្រមទាំងមានការដាក់វិធានការ រក្សារគម្លាតនៅឆ្ងាយពីគ្នា ដែលនាំឱ្យក្មេងៗមិន បានជួបជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហេតុដូច្នេះហើយទើបឪពុកម្តាយ ទាំងអស់បានងាកទៅរក បច្ចេកវិទ្យាដើម្បីជួយកូនៗ របស់ពួកគាត់ដែលកំពុង ប្រឈមនឹងបញ្ហាទាំងនេះ។
ដោយមើលឃើញពីតម្រូវការនេះហើយ ទើបក្រុមហ៊ុនហ្វេសប៊ុក បានដាក់ឱ្យប្រើប្រាស់កម្មវិធី Messenger Kids នៅជាង ៧០ប្រទេសនៅជុំវិញពិភពលោកទៀត រួមទាំងកម្ពុជាយើង ដើម្បីពង្រីកទីផ្សាររបស់ខ្លួន។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនក៏បានបន្ថែមមុខងារថ្មីៗមួយចំនួន សម្រាប់ឪពុកម្តាយគ្រប់គ្រង តាមដានការភ្ជាប់ទំនាក់ទំនង ជាមួយមិត្តភក្តិរបស់កូនៗគេ មានដូចជា៖
• ការជ្រើសរើសមិត្តភក្តិ- ឪពុកម្តាយអាចកំណត់ឱ្យកូនៗ ធ្វើការជ្រើសរើសមិត្តភក្តិ របស់ខ្លួនដោយខ្លួនឯងបាន ក៏ប៉ុន្តែវានឹងជូនដំណឹង ទៅឪពុកម្តាយតាមរយៈ ការផ្ញើសារហើយពួកគេក៏អាច ធ្វើការបដិសេធរាល់ការភ្ជាប់ថ្មីនេះ ដោយក្រាន់តែចូលទៅកាន់ផ្ទាំង ដែលគ្រប់គ្រងដោយឪពុកម្តាយ។ ឪពុកម្តាយអាចគ្រប់គ្រង បានថាតើកូនៗរបស់ពួកគេ ធ្វើសកម្មភាពអ្វីខ្លះនៅក្នុងកម្មវិធី និងអាចទាញយកព័ត៌មាន របស់កូនៗបានគ្រប់ពេល។
• ការបង្កើតក្រុមសម្រាប់កុមារ- ឪពុកម្តាយតែងតែអនុញ្ញាតឱ្យគ្រូៗ ជួយកូនរបស់ពួកគេ ក្នុងការរៀនសូត្រក្នុងថ្នាក់ មុខងារថ្មីនេះផ្តល់ឱ្យឪពុកម្តាយ នូវជម្រើសដើម្បីអនុម័ត មនុស្សពេញវ័យណាម្នាក់ ដើម្បីជួយភ្ជាប់កូនរបស់ពួកគេ ជាមួយក្មេងៗផ្សេងទៀតតាមរយៈក្រុម ដើម្បីពួកគេអាចចូលរួម ក្នុងកម្មវិធីសកម្មភាពផ្សេងៗទៀត។
• ជួយកុមារអាចភ្ជាប់ទំនាក់ទំនង ជាមួយមិត្តភក្តិកាន់តែច្រើន- ងាយស្រួលសម្រាប់កុមារ ក្នុងការស្វែងរក និងភ្ជាប់ទំនាក់ទំនងជាមួយ មិត្តភក្តិច្រើនទៀត ដោយឪពុកម្តាយរបស់ពួកគេ អាចបើកប្រូហ្វាល់ (profile) កូនៗគេជាចំហដើម្បី ឱ្យមិត្តភក្តិគេមើលឃើញ។
សូមបញ្ជាក់ផងដែរថា មុខងារថ្មីៗខាងលើនេះកំពុង ដាក់ឱ្យប្រើប្រាស់សាកល្បងនៅ សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនប៉ុណ្ណោះ សម្រាប់ប្រទេសកម្ពុជាយើង នឹងមានក្នុងពេលឆាប់ៗខាងមុខនេះ ៕