ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចបិទបញ្ចប់ ការត្រួតពិនិត្យសុខភាពដល់កម្មករ ដែលត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីឈប់សម្រាកក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរកន្លងទៅនេះ។
សេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដោយគិតចាប់ពីយប់ថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសានេះ គឺមានរយៈពេលលើស ១៤ថ្ងៃ ហើយក្នុងអំឡុងពេលនេះ ក្រសួងសុខាភិបាលក៏ ពុំបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី និងយោងលទ្ធផលអវិជ្ជមាន នៃការធ្វើតេស្តសំណាកទាំង ១២៥ករណី ក្រសួងសម្រេចបញ្ចប់ ការត្រួតពិនិត្យសុខភាព ចាប់ពីម៉ោង ៦:០០នាទីល្ងាច ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ដោយរក្សាទុកតែ មណ្ឌលចត្តាឡីស័កកម្រិត២ ក្នុងវិទ្យាល័យជម្ពូវ័ន ដើម្បីបន្តតាមដានស្ថានភាព សុខភាពកម្មករចំនួន ២០នាក់តទៀត រហូតដល់ស្ថានភាពសុខភាព អ្នកទាំងនេះអាចទៅធ្វើចត្តាឡីស័ក នៅតាមផ្ទះបាន។
សេចក្តីប្រកាស របស់ក្រសួងការងារបានបញ្ជាក់ថា ក្រោយការបិទបញ្ចប់មណ្ឌល ត្រួតពិនិត្យសុខភាពកម្មកររោងចក្រទាំង ១០កន្លែងនេះ ប្រសិនជាបងប្អូនកម្មករមាន អាការៈសង្ស័យណាមួយ សូមទាក់ទងទៅក្រសួងសុខាភិបាល តាមរយៈលេខ ១១៥ ឬទូរស័ព្ទលេខ ០១២ ៨២៥ ៤២៤។
សូមបញ្ជាក់ថា នាពេលកន្លងមកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ រៀបចំមណ្ឌលត្រួតពិនិត្យសុខភាព ចំនួន១០កន្លែង និងមណ្ឌលចត្តាឡីស័ក ចំនួន ៣កន្លែង ដើម្បីត្រួតពិនិត្យសុខភាពកម្មកររោងចក្រដែលបាន ឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងទើបវិលត្រឡប់ចូលបម្រើការងារវិញ។
រយៈពេល១៤ថ្ងៃមកនេះ ក្រសួង និងភាគីពាក់ព័ន្ធបាន ពិនិត្យសុខភាពកម្មករ ចំនួន ៥ ០៤៥នាក់, ដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃ ចំនួន ៤ ៨២៣នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត១ ចំនួន ៩៧នាក់, ដាក់ឱ្យស្នាក់នៅមណ្ឌលចត្តាឡីស័កកម្រិត២ ចំនួន ១២៥នាក់, និងយកសំណាកទៅពិសោធបន្ត ចំនួន ១២៥នាក់ ដោយមានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១២៥នាក់, និងអនុញ្ញាតឱ្យចេញពី មណ្ឌលចត្តាឡីស័កកម្រិត១ និងកម្រិត២ សរុបចំនួន ២០២នាក់ ទៅធ្វើចត្តាឡីស័កបន្តនៅតាមផ្ទះ ៕