ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានលើកឡើងថា ថ្មីៗនេះមានបញ្ហាទាក់ទង ទៅនឹងការផ្ញើសារជាអក្សរ ឬជានិមិត្តសញ្ញាផ្សេងៗ ដែលមានដូចជា រូបសញ្ញាទង់ជាតិអ៊ីតាលី និងការផ្ញើសារជាភាសាអារ៉ាប់ ជាដើម ដែលធ្វើឱ្យទូរសព្ទរបស់ លោកអ្នកគាំងភ្លាមៗ។
បញ្ហានេះចាប់ផ្ដើមផ្សព្វផ្សាយ ដំបូងនៅក្នុងក្រុម កម្មវិធី តេឡេក្រាម (Telegram) ហើយបន្ទាប់មកក៏រាលដាលចូលដល់ កម្មវិធី ទ្វីតទ័រ (Tweeter) ព្រមទាំងនៅតាមប្រព័ន្ធ បណ្តាញសង្គមផ្សេងៗទៀតផង។
នៅពេលដែល iPhone, iPad, Mac ឬ Apple Watch របស់លោកអ្នកបាន ទទួលការជូនដំណឹង (Notification) ថាមានសារផ្ញើមកក្នុងទូរសព្ទ ហើយពេលដែលលោកអ្នកចុចអាន ពេលនោះឧបករណ៍របស់លោក អ្នកនឹងចាប់ផ្តើមគាំងធ្វើអ្វីមិនកើត មានន័យថា លោកអ្នកមិនអាចបញ្ជាអ្វី បានទាំងអស់នៅលើ ឧបករណ៍ទាំងនោះទៀតទេ។ នាពេលបច្ចុប្បន្នពុំមាន ដំណោះស្រាយអ្វីសម្រាប់អ្នកប្រើប្រាស់ ក្រៅពីបិទការជូនដំណឹង នៅលើឧបករណ៍របស់លោកអ្នក ដើម្បីកាត់បន្ថយការ បើកសារនេះដោយចៃដន់។
ប្រសិនបើលោកអ្នកទទួលបានសារនេះ ហើយមានបញ្ហាជាមួយទូរសព្ទ លោកអ្នកអាចសាកល្បងបិទ បើកទូរសព្ទ ឬ hard reset តែបើលោកអ្នកនៅតែមានបញ្ហានោះ លោកអ្នកនឹងត្រូវបញ្ចូល iOS ជាថ្មីដោយភ្ជាប់ទូរសព្ទជាមួយនឹងកុំព្យូទ័រ។ បញ្ហានេះអាចត្រូវបានកែតម្រូវ នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13.4.5 beta ចុងក្រោយបំផុត ប៉ុន្តែការធ្វើបច្ចុប្បន្នភាពនោះ មិនទាន់ត្រូវបានដាក់ឱ្យប្រើប្រាស់ ជាទូទៅនៅឡើយទេ តែទោះបីយ៉ាងណាក្រុមហ៊ុន Apple អាចធ្វើការកែតម្រូវឆាប់រហ័សជាងនេះ ដោយបន្ថែមទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13.4.2 ក៏ថាបាន ៕