ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួងយជាង ៣៥លានដុល្លារ គាំទ្រចំពោះវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំពិសេស ស្ដីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈ Video Conference ។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក៏បានចូលរួមក្នុងកិច្ចប្រជុំពិសេសនេះ ។ កិច្ចប្រជុំនេះដែរមានឡាវ ជាប្រទេសសម្របសម្រួល ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អាមេរិក បានធ្វើជាសហប្រធាន ជាមួយអាមេរិក ។
កិច្ចប្រជុំពិសេសនេះ ដែលត្រូវបានរៀបចំធ្វើឡើង ជាផ្នែកមួយនៃភាពជាដៃគូ យុទ្ធសាស្រ្តអាស៊ាន-សហរដ្ឋអាមេរិក គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរ ដើម្បីលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការ សង្គ្រោះភាពអាសន្នខាងផ្នែក សុខាភិបាលសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ និងដើម្បីរិះរកវិធីសាស្ត្រ កាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការ ឆ្លងរីករាលដាលនៃជំងឺនេះ ទៅលើជីវភាពរស់នៅរបស់ ប្រជាជនចំនួនមួយពាន់លាននាក់។ កិច្ចប្រជុំក៏បានផ្តោតកិច្ច ពិភាក្សាផងដែរលើផែនការ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត សម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ក្រោយជំងឺឆ្លងកូវីដ-១៩ ផុតរលត់ទៅ។
កិច្ចប្រជុំបានកត់សម្គាល់ពី សារសំខាន់នៃវិធីសាស្រ្តរបស់ រដ្ឋាភិបាលនិងសង្គមទាំងមូល ក្នុងការ ដោះស្រាយវិបត្តិនេះ។ ដើម្បីសម្រេចគោលដៅនេះ អង្គប្រជុំបាន ទទួលស្គាល់នូវ តួនាទី ដែលមិនអាចខ្វះ បានរបស់វិស័យឯកជន អង្គការក្នុងតំបន់ និងអន្តរជាតិទាំងឡាយ ក្នុងការថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ និងការ ធានាការដឹកជញ្ជូនទំនិញសំខាន់ៗ ជាអាទិ៍មាន៖ ការផ្គត់ផ្គង់ថ្នំាព្យាបាល និងស្បៀងអាហារ។ អង្គប្រជុំ ក៏បានសង្កត់ធ្ងន់ផងដែរលើភាពចាំបាច់ ក្នុងការលើកកម្ពស់ការយល់ដឹង អំពីសុខភាពសាធារណៈ ស្តីពី អនាម័យសមរម្យ និងការរក្សាចម្ងាយពីគ្នា ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុស ហើយដូច្នេះ បន្ធូរបន្ថយ សម្ពាធលើប្រព័ន្ធថែទាំសុខភាព។
ក្រសួងបញ្ជាក់ថា «កិច្ចប្រជុំបានពិភាក្សាអំពី ជំហានផ្សេងៗបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យ សុខាភិបាលសាធារណៈ រវាងអាស៊ាន និងសហរដ្ឋអាមេរិក ជាពិសេសក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមថ្នាក់ខ្ពស់។ បណ្តាប្រទេសជាសមាជិកអាស៊ាន បានសម្តែងនូវការកោតសរសើរ យ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ក្នុងការគាំទ្រចំពោះវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន ជាអាទិ៍មានទាំងការផ្តល់ជំនួយចំនួនជាង ៣៥ លានដុល្លារអាមេរិក» ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានគូសបញ្ជាក់ផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ដែលបានដាក់ចេញដោយ បណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើតឡើងនូវមូលនិធិអាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺឆ្លងកូវីដ-១៩ ក្នុងគ្រោះអាសន្នផ្នែក សុខាភិបាលសាធារណៈ ដើម្បីដោះស្រាយបញ្ហាជំងឺឆ្លងកូវីដ-១៩ និងការផ្ទុះឡើង នូវជំងឺនេះជាថ្មីម្តងទៀត នាពេលអនាគត។
រដ្ឋមន្រ្តីការបរទេសអាស៊ាន ក៏បានស្វាគមន៍ផងដែរនូវ គំនិតផ្តួចផ្តើមថ្មីៗរបស់សហរដ្ឋអាមេរិក ដើម្បី លើកកម្ពស់ភាពជាដៃគូ ជាមួយអាស៊ាន ដោយផ្តោតជាសំខាន់លើការស្រាវជ្រាវ ការកសាងសមត្ថភាពប្រព័ន្ធ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យនេះ។ សហរដ្ឋអាមេរិក បានសន្យាបន្តគាំទ្រការ រឹតចំណងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងផ្នែកថែទាំសុខភាពសាធារណៈ តាមរយៈកម្មវិធីផ្លាស់ប្តូរ នានា មានដូចជាការបណ្តុះបណ្តាល អ្នកជំនាញខាងវេជ្ជសាស្រ្ត និងសុខាភិបាលអាស៊ានចំនួន ២៤០០នាក់ រហូតមកដល់បច្ចុប្បន្ននេះ។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំពិសេសនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងអំពីមធ្យោបាយ នានា ដើម្បីដោះស្រាយការ រីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដូចខាងក្រោម៖
– នៅខណៈពេលដែលយើង ទទួលស្គាល់អំពីសារៈសំខាន់ នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវ ធ្វើឱ្យកាន់តែសកម្មឡើងទៀត នូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។
– យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការ ចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការ រាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមាន ការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។ យើងគួរកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជា តួនាទីនាំមុខរបស់អង្គការ សុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយ ដែលគួរឱ្យគោរពក្នុងការ ផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ។
– អាស៊ាន និងសហរដ្ឋអាមេរិក គួរតែរិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្រ្ត នូវការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ។ កម្ពុជាបានព្យាយាមកាត់បន្ថយនូវ ផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះ លើសេដ្ឋកិច្ចជាតិ ព្រមទាំងត្រៀមខ្លួនសម្រាប់ដំណាក់កាល ជាសះស្បើយឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ ការងារ។ ដើម្បីទ្រទ្រង់ដំណើរនេះបានក្នុងរយៈពេលវែង ការគាំទ្រពីសហរដ្ឋអាមេរិកដែលជាដៃគូ ពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុត។
កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីបញ្ហាតំបន់នានា ដែលទាក់ទងនឹងសន្តិភាព និងសន្តិសុខ នៅក្នុងតំបន់ និងក្រៅពីតំបន់។ កិច្ចប្រជុំក៏បានកត់សម្គាល់ ផងដែរនូវទស្សនៈទាំងឡាយ ដែលបានលើកឡើង អំពីសេចក្តីត្រូវការបន្ទាន់ ដើម្បីផ្តោតការយកចិត្តទុកដាក់ លើការប្រយុទ្ឋប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុង ខណៈពេលដែលយើង កំពុងលើកស្ទួយកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។
កិច្ចប្រជុំសង្ឃឹមថា នឹងមានការចូលរួមបន្ថែមទៀត រវាងអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីធ្វើការ សម្របសម្រួលឱ្យ មានការឆ្លើយតបរួម ដើម្បីបញ្ឈប់ជំងឺឆ្លងសកលនេះ ៕