បើទោះបីកម្ពុជា ហាក់មានសភាពធូរស្រាលពីជំងឺកូវីដ-១៩ ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួនឡេីយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជាថ្មីម្ដងទៀតបានផ្ញើសារក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ទោះបីកម្ពុជា ហាក់មានសភាពធូរស្រាលពីជំងឺនេះក៏ដោយ។នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ជាមួយគ្នានោះផងដែរសម្ដេចក៏ បានផ្ញើសារអំពាវនាវសុំឲ្យមានការយោគយល់ពីសំណាក់ បងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធី ជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែ មេសា ២០២០ខាងមុខនេះ ។

សម្ដេចបានថ្លែងថា “ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំនិងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលបានចូល បួសខែរ៉ម៉ាឌន ដែលនៅកម្ពុជានឹងចាប់ផ្ដើមនៅថ្ងៃសុក្រ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២០។”

សម្តេចបញ្ជាក់ថា” ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿ ជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក រួមនឹង ប្រជាជនកម្ពុជា ។”

សម្តេចបញ្ជាក់បន្ថែមថា “ខ្ញុំក៏សូមអធ្យាស្រ័យ សុំការយោគយល់ពីបងប្អូន សាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើក ទី៧ ដែលបានគ្រោងថ្ងៃទី២៩ ខែ មេសា ២០២០ ការផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និង សុំបន្កការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនា ឥស្លាមកម្ពុជា ទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើង ហាក់មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និង ធ្វេសប្រហេស មើលស្រាលដល់ជំងឺ ដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ។”

ឆ្លៀតក្នុងឱកាសនេះ សម្ដេចក៏បាន បួងសួង សុំឲ្យបងប្អូនទាំងអស់ទទួលបាននូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និង ចំរើនញ្ហរ៉កាត់គ្រប់ៗគ្នាពីព្រះអល់ឡោះ និង សុំឱ្យព្រះអល់ឡោះ ទទួលយកនូវកុសលផលបុណ្យ ខែបួសរ៉ម៉ាឌន ទាំងអស់ដែលបងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ​ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១០ នាក់ ក្នុងចំណោមអ្នកជំងឺសរុប១២២នាក់៕