ដំណឹងល្អ! ពលរដ្ឋខ្មែរ អាចបន្តស្នាក់នៅ ក្នុងទឹកដីថៃ រហូតដល់ថ្ងៃ៣១ កក្កដា និងធ្វើការរហូតដល់ថ្ងៃ៣០ វិច្ឆិកា

0

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលអស់សុពលភាព ស្នាក់នៅចាប់ពីថ្ងៃទី២៦ មីនា ត្រូវបានអនុញ្ញាតឲ្យបន្តស្នាក់នៅ ដោយស្វ័យប្រវត្តិរហូតដល់ ថ្ងៃទី៣១ កក្កដា ដោយពុំមានការផាកពិន័យ លើការស្នាក់នៅលើសកំណត់ (Over Stay) ប៉ុន្តែមិនអនុញ្ញាតឲ្យធ្វើការនោះទេ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា នៅថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា បងប្អូនពលករខ្មែរ ដែលនិយោជកបានបញ្ជូនបញ្ជីឈ្មោះ ទៅក្រសួង ឬមន្ទីរការងារក្រុង/ខេត្តថៃ តាមរយៈប្រព័ន្ធអនឡាញរួចរាល់ ត្រឹមថ្ងៃទី៣១ មីនា អាចបន្តធ្វើការជាបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងពលករ ដែលត្រូវទៅបង្ហាញខ្លួន ក្នុងរយៈពេល ៩០ថ្ងៃ ក្នុងចន្លោះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ដល់៣១ ខែកក្កដា ឆ្នាំ២០២០ មិនតម្រូវឲ្យទៅបង្ហាញខ្លួននោះទេ រហូតដល់មានការជូនដំណឹងជាថ្មី ឡើងវិញ ។

ជាមួយគ្នានោះដែរ ស្ថានទូតក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ ទាំងអស់នៅក្នុងប្រទេសថៃ មេត្តាបន្តចូលរួមសហការអនុវត្តវិធានការនានា និងបម្រាមគោចរដែលដាក់ចេញ ដោយរដ្ឋាភិបាលថៃ ឲ្យមានប្រសិទ្ធភាព និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ៕