ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨ព្រឹក នៅទីស្តីការក្រសួង ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់កហរសួងការបរទសខ្មែរ នៅថ្ងៃទី២២ មេសានេះ បានឲ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបានស្នើឡើង ដោយសហរដ្ឋអាមេរិក នៅក្នុងឱកាសកិច្ចប្រជុំអន្តរទីភ្នាក់ងារ កម្រិតខ្ពស់អាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ឋវីដេអូ ដែលរៀបចំដោយលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ។
រដ្ឋមន្រ្តីការបរទេសអាស៊ាន និងលោក ម៉ៃឃើល ផុមផេអូ (Michael R. Pompeo) រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹង ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ១៩ ក្នុងក្របខ័ណ្ឌភាពជាដៃគូ យុទ្ធសាស្ត្រអាស៊ាន-អាមេរិក។ កិច្ចពិភាក្សាក៏នឹងផ្តោតផងដែរ ទៅលើសកម្មភាពដើម្បីដោះស្រាយ គ្រោះអាសន្នវិស័យសុខាភិបាលសាធារណៈ ដែលជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ឋសុខាភិបាលសាធារណៈ នៅក្នុងតំបន់រយៈពេលវែង ។
កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មី ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនង ដៃគូយុទ្ឋសាស្រ្ត រវាងអាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងវិស័យសុខាភិបាលសាធារណៈ ចំពោះមុខនៃបញ្ហាប្រឈម ជាសកលនៃជម្ងឺឆ្លងកូវីដ-១៩ ដែលពុំធ្លាប់មានពីមុនមក ៕