កូវីដ១៩ បានបង្ខំឲ្យពលករខ្មែរជាង ៨ម៉ឺននាក់ សម្រុកត្រឡប់មក ស្រុកកំណើតវិញ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ដោយសារតែមានការព្រួយបារម្ភ ចំពោះការ រីករាលជាសកល នៃជំងឺកូវីដ១៩ បានធ្វើឲ្យពលករខ្មែរជាង ៨ម៉ឺននាក់ បង្ខំចិត្តសម្រុកចេញពីបណ្ដាប្រទេសនានា ជាពិសេសប្រទេសថៃ ត្រឡប់មក ស្រុកកំណើតវិញ ។

ថ្លែងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីពិនិត្យលទ្ធភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការរយៈពេលខ្លី មធ្យម និងវែង របស់ពលករចំណាកស្រុក ក្នុងស្ថានភាពរីករាលដាល នៃជំងឺកូវីដ១៩ នៅថ្ងៃទី២២ មេសានេះ សម្ដេច ស ខេង មានប្រសាសន៍ថា កម្ពុជាមិនអាចអនុញ្ញាត្តឲ្យ ពលករ ចេញ-ចូល ឆ្លងកាត់ព្រំដែនឡើយ ក្នុងស្ថានភាពដែលកំពុងប្រយុទ្ធប្រឆាំង ជាមួយកូវីដ១៩ ។

សម្ដេចក្រឡាហោម បន្ថែមថា កាលពីពេលកន្លងទៅ ថៃបានប្រកាសបិទព្រំដែន ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ នៅថៃ មានសភាពធ្ងនធ្ងរ ដែលនាំឲ្យថៃសម្រេច ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលជាហេតុនាំឲ្យកន្លែងធ្វើការមួយចំនួន ត្រូវបានបិទ ទើបពលករខ្មែរគ្មានការងារធ្វើ និងបង្ខំចិត្តឲ្យពលករមួយចំនួន ក៏ត្រឡប់មកស្រុកវិញ ហើយពួកគាត់ក៏មិនអាច វិលត្រឡប់ទៅថៃបានវិញដែរ ក្នុងស្ថានភាពពេលនេះ ៕