ថ្ងៃនេះ កាលពី៤៥ឆ្នាំមុន ខ្មែរក្រហម បានជម្លៀសពលរដ្ឋនៅភ្នំពេញ ចេញទៅតាមបណ្តាខេត្ត

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា នៅថ្ងៃទី១៧ មេសា កាលពី៤៥ឆ្នាំមុន ពួកខ្មែរក្រហមបានឡើងកាន់អំណាច និងបង្ខំប្រជាពលរដ្ឋ នៅទីក្រុងភ្នំពេញទាំងមូល ឲ្យចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេ បានជម្លៀសប្រជាពលរដ្ឋ ពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំឲ្យធ្វើការដូចគោក្របី ទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃ១៧ មេសានេះ៖

ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត

ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបប “ កម្ពុជាប្រជាធិបតេយ្យ” ក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបប “ ប្រល័យពូជសាសន៍ប៉ុលពត” ឬហៅថា “របបខ្មែរក្រហម”។

ចំថ្ងៃនេះ កាលពី៤៥ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូល អោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀស ប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការ ដូចគោក្របីទាំងយប់ទាំងថ្ងៃ គ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ ។

សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវ ក៏ពួកគេតម្រូវអោយស្លៀកពាក់ តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋ តាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងធនាគារជាដើម …។

ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពត អស់រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋ ស្លាប់បាត់បង់ជីវិតអស់ជាង ៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមាន អង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជា ដែរនៅក្នុងសម័យនោះ។

យើងចងចាំរបបដឺព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយ កើតឡើងសារជាថ្មីនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ៕